ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង៣២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស និងខូចខាតសម្ភារៈមួយចំនួន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ វ៉ាន់ សុផាវត្តី ភេទស្រីអាយុ ៤៧ឆ្នាំមុខរបរ លក់ស្បែកជើង ស្នាក់នៅភូមិសង្កាត់កើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងតែដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះនៅជាន់ក្រោមយ៉ាងខ្លាំង ទើបភ្ញាក់ទ្បើង ហើយបានរត់ចុះមកក្រោម ឃើញអណ្ដាតភ្លើង កំពុងតែឆាបឆេះពីទូរទឹកកក និងរថយន្ត រួមទាំងសម្ភារៈមួយចំនួនទៀត ក៏បានស្រែកឆោឡោ ដើម្បីឲ្យអ្នកជិតខាងមកជួយ។
ករណីនេះ ក្រោយសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ ទទួលបានដំណឹងភ្លាម ក៏ចុះមកធ្វើការអន្តរាគមន៍បន្ទាន់ផងដែរ ដោយប្រជាពលរដ្ឋនៅទីនោះ បានបាញ់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច អស់មួយគ្រឿង ទើបរលត់ជាស្ថាពរ។
មូលហេតុ៖ ផ្ទុះសេខ្សែទូរទឹកកក ទើបបណ្ដាលឲ្យឆេះបែបនេះ៕






មតិយោបល់