បន្ទាយមានជ័យៈ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់អណ្ដូងទឹកស្អាតចំនួន២កន្លែង ត្រូវបានជីកនៅក្នុងសាលាខេត្តបន្ទាយមានជ័យ និងនៅក្នុងសាលាក្រុងសិរីសោភ័ណ តាមរយៈគម្រោងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារស្ថាបនា ចុះពិនិត្យ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សម្រាប់ផ្ដល់ទឹកជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។
លោក លី សារី ថ្លែងឲ្យដឹងថា ដើម្បីបានទឹកផ្ដល់ជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នារដូវរាំងស្ងួត សាលាខេត្តបន្ទាយមានជ័យ បានផ្ដល់អណ្ដូងទឹកស្អាត២កន្លែងទៀត ជូនសាលាក្រុងសិរីសោភ័ណ។ អណ្ដូងទឹកស្អាតទី១ គឺត្រូវបានជីកនៅសាលាក្រុងសិរីសោភ័ណ ទី២ផ្ដល់សម្រាប់ភូមិឈូក សង្កាត់ម្កាក់ ដែលជាទីតាំងកណ្ដាលងាយស្រួលពលរដ្ឋអាចបូមប្រើប្រាស់តាមត្រូវការ។
លោក លី សារី បន្ដថា អណ្ដូងទឹកស្អាតដែលបានដាក់ជូនឲ្យពលរដ្ឋប្រើប្រាស់នៅក្នុងទីតាំងខាងលើនេះ មិនអនុញ្ញាតឲ្យអ្នកដឹកទឹកលក់ទេ គឺសម្រាប់ទុកជូនពលរដ្ឋប្រើប្រាស់ ដោយឥតបង់ថ្លៃអ្វីទាំងអស់។ លោកក៏បានសំណូមពរដល់អ្នកប្រើប្រាស់ជាប្រយោជន៍ ជួយថែរក្សា ដើម្បីបានប្រើប្រាស់យូរអង្វែងផងដែរ៕
មតិយោបល់