ព័ត៌មានជាតិ

ប៉ិនខាងឆក់ហី! ឆក់ទូរសព្ទស្រីស្អាតជាសិស្សសាលាចំណេះទូទៅសឹង្ហបុរីបានហើយ គេចមិនរួចជាប់ខ្នោះទាំង២នាក់ហ្មង

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីស្រ្តីម្នាក់បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅលើដងផ្លូវ ចំណុចមុខផ្ទះលេខ២២ ២ ផ្លូវលេខ១៨២ ក្រុមទី២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យយដឹងថា ជនសង្ស័យទី១ ឈ្មោះ ទេព ថុនា ហៅខ្នា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទី២ឈ្មោះ ប៉ុន សុភី ហៅក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ខេង គីមហេង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៩ សាលាចំណេះទូទៅសឹង្ហបុរី ស្នាក់នៅផ្ទះលេខ២៥ ផ្លូលេខ ២៣៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ ក្នុងនោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ ទូរសព្ទ១គ្រឿងម៉ាក IPhone6 ពណ៌ខ្មៅ បានប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ គ្មានពាក់ស្លាកលេខ ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់យកទូរសព្ទពីជនរងគ្រោះ ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១និង៤០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា Today ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FD-8791 ឌុបបងស្រីជីដូនមួយឈ្មោះ មឿង សុផាន់ណា អាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូ ពេលធ្វើដំណើរជនរងគ្រោះកាន់ទូរសព្ឌនៅដៃខាងស្តាំ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ បានជិះម៉ូតូតាមពីក្រោយ ហើយអែបទន្ទឹមខាងស្តាំ បានធ្វើសកម្មភាពឆក់យកទូរសព្ទពីជនរងគ្រោះ បានសម្រេច ព្យាយាមជិះម៉ូតូគេចខ្លួនដោយជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ព្រមទាំងស្រែកចោរៗ ភ្លាមនោះមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់