ភ្នំពេញៈ នៅក្នុងដំណើរទស្សនកិច្ច ថ្ងៃទី១៣ ខែតុលា ត្រូវជាថ្ងៃទី៧នៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលី លោក ហ៊ុន ម៉ាណែត បានឆ្លៀតពេលដ៏មមាញឹកមកពិសាអាហាសាមគ្គី និងសំណេះសំណាលជាមួយបងប្អូនពាណិជ្ជករ អាជីវករខ្មែរដើម្បីស្វែងយល់អំពីសុខទុក្ខ និងបង្កើនភាពស្និទ្ធស្នាលនៃការរាប់អានរវាងខ្មែរនិងខ្មែរ។
នៅក្នុងជំនួបនោះ លោកហ៊ុន ម៉ាណែត បានបង្ហាញអំពីសក្តានុពល និងការវិវត្តថ្មីៗក៏ដូចជាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ហើយលោកបានបង្ហាញពីសក្តានុពល នូវវិស័យផ្សេងៗ សម្រាប់បងប្អូនពាណិជ្ជករ អាជីវករខ្មែរ នៅក្នុងការស្វែងរកឱការនៃការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ខ្មែរជួយខ្មែរ និងបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោកបានបង្ហាញពីមោទនភាពដែលសម្ថភារបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន ដែលបានអភិវឌ្ឍឥតឈប់ឈរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជាសមត្ថភាពនៅក្នុងការធ្វើការ និងការរៀនសូត្រ នៅក្នុងប្រទេស និងក្រៅប្រទេស ហើយនេះគឺជា ចំណុចមួយដ៏សំខាន់ទាក់ទងទៅនឹងធនធានមនុស្សនៅក្នុងវិស័យពាណិជ្ជកម្ម ដូចច្នេះលោកបានស្នើឲ្យបងប្អូនពាណិជ្ជករ និងអាជីវករខ្មែរ ពិចារណានូវឱកាសដែលមានសម្រាប់ការវិនិយោគនៅក្នុងប្រទេស គឺទី១ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយជាប្រទេសដែលមានសក្តានុពលទៅលើវិស័យជាច្រើន ហើយសម្ថភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវបានអភិវឌ្ឍន៍ ដូច្នេះលោកបានលើកទឹកចិត្តនិងសម្របសម្រួលទៅលើវិស័យជាច្រើន និងសម្របសម្រួលឲ្យមានយន្តការងាយស្រួល សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពាណិជ្ជករ អាជីវករខ្មែរ នៅប្រទេសអូស្រ្តាលី មានឱកាសទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ាណែត ក៏បានស្តាប់ និងទទួលយកនូវសំណូមពរ និងសំណួរមួយចំនួន ពីបងប្អូនពាណិជ្ជករ អាជីវករខ្មែរនៅអូស្រ្តាលី ដើម្បីស្វែងរកនូវយន្តការសមស្រប ក្នុងការទំនាក់ទំនងងាយស្រួល ដើម្បីឲ្យបងប្អូនមានឱកាសកានតែច្រើនឡើងថែមទៀតក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជាដែល ទាំងអស់នេះគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសនិងការជួយទៅដល់ខ្មែរដ៏ដូចជាកូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ផងដែរថា ក្នុងដំណើទស្សនកិច្ចនេះ លោកហ៊ុន ម៉ាណែត តែងតែឆ្លៀតពេលជួបជាមួយ និងបងប្អូនពាណិជ្ជករ អាជីវករខ្មែរ ហើយតែងតែបង្ហាញឱកាសវិនិយោគ និងសក្តានុពល នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការលើកទឹកចិត្ត និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែច្រើនថែមទៀតដើម្បីស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសខណៈពេលដែលបុគ្គលមួយចំនួនតែងតែ មានគំនិតអវិជ្ជមានអំពីប្រទេសរបស់ខ្លួន៕
មតិយោបល់