ព័ត៌មានជាតិ

ខ្លាំងបាត់! ផ្លូវចង្អៀត ជិះម៉ូតូបុកគេហើយទាញពូថៅកាប់គេទៀត

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើជនរងគ្រោះ បណ្ដាលឲ្យរបួសកំភួនដៃឆ្វេងធ្ងន់ និងវាយដោយដៃបណ្ដាលជាំភ្នែកខាងឆ្វេង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៤ជិតភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងមូលដ្ឋាន ត្រង់ចំណុចលើផ្លូវលេខ២៣៥ ក្នុង ក្រុមទី៥ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នី ផល្លី ហៅផល្លី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារដើមគរ ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជា អ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា នៅយប់កើតហេតុជនរងគ្រោះបានបើករ៉ឺម៉កដឹកត្រីចេញពីផ្សារដើមគរ ក្រោយពីដាក់ត្រីរួចហើយ ស្របពេលនោះស្រាប់តែជនសង្ស័យ បានបើកម៉ូតូរ៉ឺម៉កដឹកត្រីចូលមកលក់ក្នុងផ្សារដើមគរដែរ បើកបញ្រា្ចសគ្នា ពេលនោះផ្លូវចង្អៀតជនសង្ស័យក៏បើករ៉ឺម៉កខ្លួនទៅបុករ៉ឺម៉កដឹកត្រីរបស់ជនរងគ្រោះ ស្រាប់តែជនរងគ្រោះមើលមុខ ជនសង្ស័យក៏ចុះពីម៉ូតូរ៉ឺម៉កដឹកត្រីទៅវាយដោយដៃលើជនរងគ្រោះ បណ្ដាលឲ្យត្រូវភ្នែកខាងឆ្វេង ភ្លាមនោះ ក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែជនសង្ស័យបានយកពូថៅដងឈើនៅក្បែរកន្លែងកើតហេតុ យកមកកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យត្រូវរបួសដាច់រយះកំភួនដៃខាងឆ្វេងប្រហែល ៧សង់ទីម៉ែត្រ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង។

ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ធ្វើការអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាក់ស្ដែង រួមនឹងវត្ថុតាង ពូថៅដងឈើចំនួន១ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់