កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើង បន្ទាប់ពីមានម៉ូតូ២គ្រឿង បានជិះបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃត្រង់ទី២០ ខែឧសភា ឆ្នាំ២០១៧ ចំណុចផ្លូវលេខ៣៨០ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-8098 បើកបរដោយឈ្មោះ ពឿន ប៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ផលិតឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភព1-ដ-7056 បើកបរដោយឈ្មោះ ថុន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង រហូតបណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនិតិវិធីច្បាប់៕
មតិយោបល់