ភ្នំពេញ: ថ្ងៃទី១៩ ឧសភានេះ ក្នុងពិធីប្រកាសតែងតាំងនាយក-នាយករងរដ្ឋបាល ប្រធានការិយាល័យអន្តរវិស័យ និងអនុប្រធានការិយាល័យផែនការនៃរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ហើយក្នុងឱកាសនោះ លោក ហ៊ួយ វីរៈ បានប្តេជ្ញាបម្រើការងារជូនប្រជាពលរដ្ឋឲ្យពីសមត្ថភាព ដែលលោកត្រូវបានតែងតាំងឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងថ្មីជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ។
ក្រសួងមហាផ្ទៃប្រកាសតែងតាំងមន្ត្រីរាជការចំនួន០៤ តាមសំណើរលេខ ១១៣/១៦ លស.ធ.ក្រ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ រួមមាន លោក ហ៊ួយ វីរៈ ត្រូវបានតែងតាំងឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យនៃរាជធានីភ្នំពេញ, លោក សោម មួយឃាង នាយករងរដ្ឋបាល, លោក សន ណារ៉ាត់ ប្រធានការិយាល័យអន្តរវិស័យ និងលោក ជា ណារិន អនុប្រធានការិយាល័យផែនការនិងអភិវឌ្ឍន៍។
លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ការតំឡើងមុខងារថ្មីនេះ មិនមែនចេះតែស្នើឡើងនោះទេ ពោលគឺដោយសារតែតម្រូវការខ្វះខាតផ្នែកធនធានមនុស្ស ក៏ដូចជាបទពិសោធន៍ក្នុងការបម្រើការងារជូនបងប្អូនប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋយើង ចេះតែមានកំណើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការលិខិតស្នាមនិងបែបបទផ្សេងៗទៀត វាជាកត្តាចាំបាច់ណាស់ដែលយើងក្នុងនាមអាជ្ញាធរត្រូវតែបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ៕
មតិយោបល់