ព័ត៌មានជាតិ

ពលរដ្ឋពុលផ្សិតចម្លែកអស់មួយគ្រួសារ នៅស្រុកសំឡូត

បាត់ដំបងៈ មនុស្សចំនួន៥នាក់ ដែលក្នុងនោះ មានឪពុក ម្តាយ កូន និងជីតា បានពុល និងក្អួតចង្អោរពេញផ្ទះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ខណៈដែលពួកគេទាំងអស់គ្នាបាននាំគ្នាបរិភោគផ្សិតស្ងោរជាមួយបាយ ដោយនឹកស្មានថា ជាផ្សិតចំបើង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

អធិការរងនគរបាល លោក កំ គន បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានអំពីករណីប្រជាពលរដ្ឋមួយគ្រួសារពុលផ្សិត កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ជនរងគ្រោះមាន ១ឈ្មោះ ហៃ រី ភេទស្រី អាយុ៣១ឆ្នាំ ២ឈ្មោះ សោម ធា ភេទប្រុស អាយុ៦៣ឆ្នាំ ៣ឈ្មោះ អាន សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ ៤ឈ្មោះ អាន ណារ៉ុង ភេទប្រុស អាយុ៧ឆ្នាំ និងទី៥ឈ្មោះ អាន រតនៈ ភេទប្រុស អាយុ៣ឆ្នាំ។

ជនរងគ្រោះបានរៀបរាប់ថា ខ្លួនបានឃើញផ្សិតទាំងនេះដុះនៅក្នុងពំនូកចំបើងក្រោយផ្ទះ ដោយគិតស្មានថា ជាផ្សិតចំបើង ទើបគេដកយកមកស្ងោរធ្វើជាម្ហូបដើម្បីហូបបាយជុំគ្នា ប៉ុន្តែខណៈដែលពួកគេកំពុងតែទទួលទាននោះ ក៏ស្រាប់តែមានអាការៈវិលមុខ ធីងធោង រួចក៏បានក្អួតចង្អោរពេញផ្ទះទាំងក្មេងទាំងចាស់ ទើបបានអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងយករថយន្តមកដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាម។

ក្រោយពេលសមត្ថកិច្ចបញ្ជូនជនរងគ្រោះទាំង៥នាក់ ទៅកាន់មន្ទីរពេទ្យ ព្រមទាំងបានត្រួតពិនិត្យទៅលើផ្សិតដែលនៅសល់រួចមក ទើបគេបានអះអាងថា ផ្សិតនេះ គឺជាផ្សិតដ៏ចំឡែក ហើយក៏មិនមែនជាផ្សិតចំបើង ដូចជនរងគ្រោះគិតស្មាននោះទេ៕

image1 13254312_1116678461709159_3919351389136054339_n 13267703_1116678458375826_8068519573351212615_n

មតិយោបល់