ព័ត៌មានជាតិ

Update៖​ ទ្រព្យសម្បត្តិដែលខំសន្សំយូរឆ្នាំដោយកម្លាំងញើសឈាម ត្រូវបានកូនប្រុសដុតបំផ្លាញព្រោះរឿង…

ស្វាយរៀង: កាលពីវេលាម៉ោង ១១និង៥៥នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះឈើប្រក់ក្បឿង១ខ្នង ត្រូវបានអគ្គិភ័យឆេះខ្ទេចគ្មានសល់ ស្ថិតក្នុងភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដោយយុវជនម្នាក់ព្រោះតែខឹងនឹងឪពុកមិនព្រមដណ្តឹងប្រពន្ធ។

ជនបង្កឈ្មោះ ពិន ពិទូ អាយុ ២៨ឆ្នាំ មានឪពុកឈ្មោះ ពិន បូរិន អាយុ ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីឪពុកម្ដាយបានឲ្យដឹងថា ផ្ទះឆេះនោះមានទំហំ៨x៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ខណ:ទ្រព្យសម្បត្តិបាត់បង់នៅមិនទាន់សរុបនៅឡើយទេ ហេតុការណ៍នេះកើតឡើងដោយសារ តែកូនប្រុសខឹងនឹងគាត់ មិនព្រមទៅដណ្តឹងប្រពន្ធឲ្យ ករណីនេះគាត់បានរៀបរាប់ទាំងទឹកមុខស្រពោនថា « ហេតុអ្វីក៏កូនប្រុសគាត់ហ៊ានលើកដៃដុតបំផ្លាញផ្ទះនិងទ្រព្យសម្បតិ្តដែលខ្លួនខំសន្សំយូរឆ្នាំ ដោយកម្លាំងញើសឈាមយ៉ាងលំបាកដូច្នោះ គ្រាន់តែប្រាប់ថា ឲ្យខំប្រឹងរកស៊ីមានប្រាក់គ្រប់គា្រន់សិន ចាំយកប្រពន្ធមិនដល់កន្លះម៉ោងផងស្រាប់តែភ្លើងឆេះផ្ទះសន្ធោសន្ធៅ» បន្ទាប់ពីកើតហេតុយុវជននោះ បានរត់គេចខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរ រីឯផ្ទះឆេះសល់តែគ្រោងឆ្អឹង ៕

មតិយោបល់