ភ្នំពេញៈ របាយការណ៍ពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ប្រុស៣នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៤នាក់) និងរបួសស្រាល៧នាក់ (ស្រីម្នាក់) ព្រមទាំងបណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមាន ម៉ូតូ១០គ្រឿង រថយន្តធុនតូច៩គ្រឿង និងរថយន្តធុនធំ១គ្រឿង។
របាយការណ៍ដដែលបន្តថា មូលហេតុបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក (ស្លាប់៣នាក់) ស្រវឹង១លើក មិនគោរពសិទ្ធិ២លើក ប្រជែង១លើក (ស្លាប់ម្នាក់) ងងុយដេក១លើក (ស្លាប់ម្នាក់) បត់គ្រោះថ្នាក់១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៤នាក់)។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៨លើក ផ្លូវខេត្ត-ក្រុងចំនួន៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ៤លើក រថយន្តធុនតូច៥លើក រថយន្តធុនធំ២លើក។
របាយការណ៍បន្តឲ្យដឹងទៀតថា រាជធានីខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន កំពង់ស្ពឺ ២លើក(ស្លាប់ ២នាក់ របួស២នាក់) បន្ទាយមានជ័យ ២លើក ស្លាប់ម្នាក់ របួស៣នាក់ ត្បូងឃ្មុំ ១លើក ស្លាប់ម្នាក់ របួស៥នាក់ និងខេត្តកំពត ១លើក ស្លាប់ម្នាក់។
នៅថ្ងៃទី១៩ ខែឧសភានេះដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៦១៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៨៩២គ្រឿង និងពិន័យសរុប ១,៧២១គ្រឿង៕
មតិយោបល់