ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ជាទីដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួប២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក បានសន្យារួមគ្នាក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែម។

សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍សម្ដែងនូវការស្វាគមន៍ចំពោះលោក ង្វៀន សួនហ៊្វុក ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីវៀតណាម នៅក្នុងមហាសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តីវៀតណាម ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចមានការរីករាយយ៉ាងខ្លាំង ក្នុងការធ្វើទំនាក់ទំនងជាមួយលោកនាយករដ្ឋមន្រ្តី ក្នុងការបម្រើឲ្យផលប្រយោជន៍នៃប្រទេស និងប្រជាពលរដ្ឋទាំងពីរកម្ពុជា-វៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះជំនួបពិភាក្សាទ្វេភាគី ជាលើកដំបូងជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា យើងមានកិច្ចការជាច្រើនដែលត្រូវបន្ពភាក្សាជាមួយគ្នាក្នុងពេលអនាគត ពិសេសការខិតខំរួមគ្នាក្នុងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ កីឡា ក្នុងនោះរួមទាំងការជំរុញការតភ្ជាប់សម្រាប់ប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាឲ្យទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាន់តែមានទំហំទ្វេឡើងថែមទៀត។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

photo_2016-05-19_22-45-21 photo_2016-05-19_22-45-23 photo_2016-05-19_22-45-24

មតិយោបល់