អេស្ស៊ីបៈ ការស៊ើបអង្កេតដ៏សំខាន់មួយ កំពុងត្រូវដំណើរការ បន្ទាប់ពីយន្តហោះ Egyptair ដឹកអ្នកដំណើរ ត្រូវបានបាត់នៅក្បែរកោះមួយ ក្នុងដែនសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
បើតាមការចុះផ្សាយរបស់ BBC ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមហ៊ុន EgyptAir បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ជើងហោះ Flight 804 ដែលបានហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣ និង០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីបនេះ មានផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះរួមមានអ្នកដំណើរ ៥៦នាក់ និងសហនាវិកចំនួន ១០នាក់។
រដ្ឋមន្ត្រីការពារជាតិរបស់ក្រិក បាននិយាយថា ប្រព័ន្ធរ៉ាដាយន្តហោះ Airbus A320 បានបង្ហាញពីរបត់នៃការហោះទាំងពីរ និងការធ្លាក់ចុះ យន្តហោះដែលបានបាត់ពីប្រព័ន្ធរ៉ាដា គឺស្ថិតនៅរយៈកម្ពស់ ៣៧,០០០ហ្វីត ប្រហែល ១១,៥គីឡូម៉ែត្រ។
ប្រតិបត្ដិការស្វែងរក ដែលមានការចូលរួមពីអង្គភាពយោធា អេហ្ស៊ីប ក្រិក បារាំង និងអង់គ្លេស ត្រូវបានកើតឡើង នៅក្បែរកោះក្រិក Karpathos ។
រហូតមកដល់ពេលនេះ គ្មានកម្ទេចកម្ទី ឬបំណែកពីយន្តហោះនេះ ត្រូវបានគេរកឃើញទេ។
លោក Athanasios Binis អ្នកស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាសនាំមុខ របស់ក្រិក បាននិយាយថា អាវបណ្ដែតទឹក ត្រូវរកឃើញនៅក្បែរកោះ Karpathos ប៉ុន្តែមិនមែនរបស់មកពីយន្តហោះ Airbus A320 នោះទេ។
សូមជម្រាបថា ករណីបាត់យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានគេរាយការណ៍មកថា មានជនជាតិ អេហ្ស៊ីប ៣០នាក់ បារាំង ១៥នាក់ ចក្រភពអង់គ្លេស ១នាក់ អ៊ីរ៉ាក់ ២នាក់ ប៊ែលហ្សិក ១នាក់ គុយវ៉េត ១នាក់ អារ៉ាប៊ីសាអូឌីត ១នាក់ ឆាដ ១នាក់ ព័រទុយហ្គាល់ ១នាក់ អាល់ហ្សេរី ១នាក់ កាណាដា ១នាក់ ស៊ូដង់ ១នាក់ ព្រមទាំងជនជាតិផ្សេងមួយចំនួនទៀត៕
មតិយោបល់