ព័ត៌មានជាតិ

ម្ដាយបាត់កូនប្រុស៣ថ្ងៃ តាមរកមិនឃើញមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ

ភ្នំពេញៈ ស្រ្តីម្នាក់បានបាត់កូនប្រុសជាទីស្រឡាញ់ អស់រយៈពេល៣ថ្ងៃកន្លងមកហើយ មិនដឹងជាទៅទីណា ដោយមានជាប់ទៅជាមួយនូវម៉ូតូស៊េរីទំនើប១គ្រឿងផងដែរ។ គាត់សង្ស័យថាមានមិត្តភក្ដិរបស់គេម្នាក់ ដែលជាមនុស្សញៀនថ្នាំ ល្បួងនាំទៅហើយបន្ទាប់ពីដឹងថាកូនបាត់ខ្លួន គាត់បានតាមរកគ្រប់កន្លែងប៉ុន្តែមិនបានឃើញសោះ ម្យ៉ាងទៀតឃើញតែមិត្តភក្ដិដែលនាំទៅនោះមកវិញម្នាក់ឯង។ គាត់បានសួរជននោះដែរប៉ុន្តែ សួរមិនឆ្លើយ ទើបធ្វើឲ្យគាត់បារម្ភ លុះដល់វេលាព្រឹក ថ្ងៃទី២១ ខែឧសភា គាត់បានធ្វើដំណើរមកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង។

ស្រ្តីជាម្ដាយខាងលើឈ្មោះ រស់ ផល្លី អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្ដីឈ្មោះ យ៉ឹក ធី អាយុ៤៩ឆ្នាំ មុខរបរកសិករ ចំណែកយុវជនជាកូនដែលបាត់ខ្លួននោះឈ្មោះ វង់ ណារ៉ុត អាយុ២០ឆ្នាំ មុខរបរជាកម្មករផ្នែក អនាម័យ នៅក្នុងក្រុមហ៊ុនផែ ស្ងួត តេង ឡាយ អ្នកទាំងអស់គ្នាមានទីលំនៅក្នុងភូមិខ្នារុង ឃុំបឹងត្រាចខាង ត្បូង ស្រុកសំរោង ខេត្តតាកែវ។ ដោយឡែកមិត្តភក្ដិកូនគាត់ និងសង្ស័យថាជាអ្នកល្បួងគេទៅជាមួយនោះ ម្នាក់ឈ្មោះ រិទ្ធ អាយុ ប្រហែល៣០ឆ្នាំ ហើយពេលនេះឃើញជននោះត្រឡប់ មកវិញម្នាក់ឯង ចំណែកកូនប្រុសគាត់បែរជាបាត់ខ្លួនមិនដឹងទៅណាទេ។

ស្រ្តីខាងលើបានរៀបរាប់ឲ្យដឹងថា គាត់មានកូនចំនួន៣នាក់ក្នុងនោះកូនស្រី២នាក់និងប្រុសម្នាក់ ហើយកូនប្រុសដែលបាត់ខ្លួននេះគឺជាកូនពៅគេ នៅមិនទាន់មានគ្រួសារនៅឡើយទេ ស្ថិតក្រោមការគ្រប់គ្រង់របស់ ពួកគាត់ដែលជាឪពុកម្ដាយ ប៉ុន្តែកូនមិនបាននៅផ្ទះទេ គឺបានមកធ្វើជាកម្មករផ្នែកអនាម័យនៅក្រុមហ៊ុនផែស្ងួត តេង ឡាយ។ ហើយកូនបានស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ ជាមួយនិងបងថ្លៃប្រុសរបស់គេ ហើយកាលពីថ្ងៃទី១៩ ខែឧសភា កន្លងមកនេះ ឈ្មោះ រិទ្ធ ដែលជាមិត្តភក្ដិរបស់គេ បានបបួលនាំចេញពីកន្លែងស្នាក់នៅជិតក្រុមហ៊ុននោះ ហើយក៏បានបាត់ខ្លួនរហូតតែម្ដង ទូរសព្ទក៏ហៅលែងចូលថែមទៀត ដែលជាហេតុធ្វើឲ្យគាត់ព្រួយចិត្តខ្លាំងណាស់ខ្លាច ឈ្មោះ រិទ្ធ នោះនាំទៅធ្វើបាបយកម៉ូតូ។

ម្ដាយរូបនោះបានបន្តទៀតថា ក្រោយពេលកូនគាត់បាត់ខ្លួនមិនយូរប៉ុន្មានឈ្មោះរិទ្ធនោះ បានត្រឡប់មកវិញ ហើយគាត់បានសួរនាំ រកកូនគាត់ត្រូវជននោះបដិសេធថាមិនបានដឹងទេ ហើយការនិយាយស្ដីហាក់មាន ការសង្ស័យច្រើនណាស់ ទោះជាគាត់អង្វរយ៉ាងណាក៏មិនព្រមប្រាប់ដែរ។គាត់ចង់បានឲ្យកូនត្រឡប់មកវិញ ប៉ុណ្ណោះ ទោះបាត់ម៉ូតូក៏ គ្មានការស្ដីបន្ទោសឡើយ ម្យ៉ាងទៀតបើកូនញៀនថ្នាំ គាត់និងយកទៅដាក់នៅ មណ្ឌលបន្សាបគ្រឿងញៀន គាត់មិនទុកនោះឡើយឲ្យតែបានឃើញកូនមកវិញ។ ពេលនេះគាត់ប្ដឹងនគរបាល ឲ្យជួយហៅឈ្មោះរិទ្ធ ទៅសួរនាំប៉ុន្តែនគរបាលបានប្រាប់ថាគ្មានភស្តុតាង មិនអាចចោទប្រកាន់គេបានឡើយ ដែលជាហេតុធ្វើឲ្យគាត់គ្មានសង្ឃឹមឡើយ៕

https://youtu.be/PMs7NwqX4cE

មតិយោបល់