ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន! ជ្រុលទៅបុករថយន្តពេញទំហឹង ស្លាប់នៅនឹងកន្លែង

ព្រៃវែង: លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿងជិះក្នុងល្បឿនលឿន បានជ្រុលទៅរថយន្តតូយ៉ូតា ព្រួស បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ភូមិ ទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាក ហុងដា ស៊េរី០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-8458 ជិះដោយម្ចាស់មិនស្គាល់ អត្តសញ្ញាណ ធ្វើដំណើរពីកើតមកលិច បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុបានជ្រុល ទៅបុកជាមួយនឹងរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1498 បើកបរដោយឈ្មោះ ឃ្លាំង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ ទឹកល្អក់២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ចំណែកវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់