ព័ត៌មានជាតិ

ការត្រួតពិនិត្យ លើ​ការប្រកាស​បង់ពន្ធ សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ នឹង​ចាប់​ពី​ដើមឆ្នាំ ២០១៥

​ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ការត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ចាប់ពី​ដើម​ឆ្នាំ ២០១៥ ខាងមុខនេះ​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង កាល ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៤​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ប្រមូល​ពន្ធ​ឱ្យបាន​ប្រសើរ ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អំពី​ការប្រកាស​បង់ពន្ធ​នៅតាម​គោលដៅ​ត្រួតពិនិត្យ​ដូចជា នៅតាម​កំណាត់​ផ្លូវ ទីតាំង​រោង ចក្រ សហគ្រាស ទីសំចត​នានា ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០១​ខែ​មករា ឆ្នាំ​២០១៥​តទៅ​។​

​ការចាត់វិធានការ​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​សេចក្តីប្រកាស​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ និង​អនុលោម​តាម​ប្រកាស​លេខ ៥៤៨ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​០៧​ខែ​ឧសភា​ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​
​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​សាធារណជន និង ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ថា​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ ដែល​បាន​អនុវត្តន៍​ពី​ថ្ងៃ​ទី​០៨​ខែ​ឧសភា​រហូត​ដល់​ថ្ងៃទី​៣១​ខែ​ធ្នូ ឆ្នាំ​២០១៤ ប៉ុន្តែ​កន្លងមក​នេះ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​មាន​ម្ចាស់​យានយន្ត​ប្រមាណ​ជាង ៥០% ប៉ុណ្ណោះ​បាន​មក​ប្រកាស​បង់ពន្ធ ឯ​ជាង​៤០%​ទៀត​មិន​ទាន់​មក​ប្រ កាស​បង់ពន្ធ​នៅឡើយ​ទេ ។ សាលា​រាជធានី​ភ្នំពេញ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សាធារណជន និង​ម្ចាស់​យានយន្ត​ទាំងអស់​នឹង​ចូលរួម​បង្ក លក្ខណៈ​ងាយស្រួល​ដល់​ក្រុម​ត្រួតពិនិត្យ ដើម្បី​បំពេញការងារ​បាន​ល្អប្រសើ​រ​ជាក់​ជាមិនខាន​៕​
Tax Cambodia

មតិយោបល់