ព័ត៌មានជាតិ

ជាងធ្វើម៉ាស៊ីនត្រជាក់ម្នាក់ ខ្យល់គរស្លាប់នៅក្នុងបន្ទប់ជួល

ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យ បណ្តាលមកពីខ្យល់គរ ហេតុកាលភ្ញាក់ផ្អើលមួយនេះ កើតឡើងកាលពីវេលាម៉ោង
៦និង១៥នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួលលេខ១១ ក្រុម៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមសម្តីពី​ឈ្មោះ ម៉ៃ បុរី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជាមួយគ្នាបានប្រាប់ឲ្យដឹងថា រូបគេនឹងជន​រងគ្រោះកាលពីវេលាម៉ោង ៥ល្ងាចម្សិលមិញបាននិយាយគ្នាលេងនៅមុខផ្ទះរហូតដល់ជាង ១០យប់ក៏បែកគ្នាចូលដេករៀងៗ ដោយឡែកជនរងគ្រោះបានដើរទៅលេងនៅតូបលក់ដូរ នៅខាងមុខបន្តទៀតតែមិនដឹងថា ផឹកស្រារឺអត់នោះទេ ហើយមិនដឹងថា ចូលដេកនៅម៉ោងប៉ុន្មានដែរ។

នៅម៉ោងកើត​ហេតុខាងលើក៏បានមកទាញដៃដាស់ឲ្យក្រោកឡើង ដើម្បីទៅធ្វើការដូចសព្វដង តែពេលនោះលើកដៃស្រាប់តែមានសភាពរឹងកំព្រឹសនោះ ក៏បានរត់ទៅហៅអ្នកនៅក្បែរនោះ មកជួយមើល ហើយក៏បានប្រាប់ថា គេបានស្លាប់បាត់ហើយ ក៏បានរាយការណ៍​ទៅសមត្ថកិច្ច។ ​ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ រួមជាមួយនិងកោសល្យវិច័យមកពិនិត្យសាកសពក៏បានប្រាប់ថា ស្លាប់ដោយសារតែជំងឺខ្យល់គរ។

សម្ថតកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ យូរ សារ៉ាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាជាងធ្វើម៉ាស៊ីនត្រជាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងអំពិល ឃុំក្រាំងបាក់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

ក្រោយពីមានការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់នគរបាលជំនាញ ឃើញថា បុរសជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺខ្យល់គរពិតប្រាកដមែន។

បច្ចុប្បន្ន សពប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តតាកែវ៕

photo_2016-06-05_14-39-02photo_2016-06-05_14-39-03photo_2016-06-05_14-39-01

មតិយោបល់