ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងខ្ទាតឡើងចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករបួស។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងែទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ កែងនឹងផ្លូវលេខ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-6659 បើកបរដោយនារីម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀតក្នុងរថយន្ត បានធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់កន្លែងកើតហេតុចំណុចផ្លូវបែកជាបួន ក៏មានរថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿងផ្សេងទៀត ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា លុះមកដល់កន្លែងកើតហេតុ រថយន្តទាំង២គ្រឿងមិនបានជាន់ហ្វ្រាំង បន្ថយល្បឿននោះទេ គឺបានបើកទៅបុកគ្នាពេញទំហឹងតែម្តងលាន់ដូចរន្ទះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងរេចង្កូតបុកឡើងខឿន រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។ សំណាងល្អណាស់ ដែលមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេឡើយ គ្រាន់តែរងការខូចខាតស្លាកសញ្ញាបង្ហាញផ្លូវតែប៉ុណ្តោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕




មតិយោបល់