ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ជំរុញឲ្យប្រទេសទាំងអស់ រឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃច័ន្ទបានប្ដេជ្ញាថា នឹងជំរុញឲ្យប្រទេស ទាំងអស់ធ្វើការរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ខណ:ខ្លួនបានរៀបចំកិច្ចប្រជុំបិទទ្វារមួយ សម្រាប់ឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីល ចុងក្រោយបំផុតរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយ:​ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍ជាឯកច្ឆន្ទមួយ ដែលគាំទ្រដោយប្រទេសចិនជាសម្ព័ន្ធមិត្តរបស់ទីក្រុងព្យុងយ៉ាង ក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ និងបានណែនាំគណ:កម្មាធិការរបស់អង្គការសហប្រជាជាតិឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដើម្បីអនុវត្តវិធានការដ៏តឹងរឹងបំផុត ដែលបានអនុម័តកាលពីឆ្នាំមុន។

ក្រុមប្រឹក្សា បានព្រមព្រៀងគ្នា ដើម្បីចាត់វិធានការបន្ថែមទៀត រួមទាំងការដាក់ទណ្ឌកម្មដ៏តឹងរឹង ក្នុងការបង្ខំឲ្យកូរ៉េខាងជើង ផ្លាស់ប្តូរជំហរ និងបញ្ចប់ឥរិយាបថដែលបង្កអស្ថិរភាពយ៉ាងខ្លាំងរបស់ខ្លួន។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមបាញ់សាកល្បងមីស៊ីលថ្មីមួយ ដោយវាស្រដៀងនឹង​មីស៊ីល Pukguksong-2 ដែល​ក្រុងព្យុងយ៉ាងធ្វើការ​​អភិវឌ្ឍន៍ដែរ ហើយត្រូវបានរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនអះអាងថា ជាមីស៊ីលធុនមធ្យម ហោះ​បាន​ចម្ងាយ ​៥០០ គីឡូម៉ែត្រ និង​កម្ពស់​៥៦០​គីឡូម៉ែត្រ ដែលបាញ់ចេញពីតំបន់ Pukchang ក្នុងខេត្ត South Phyongan ៕

មតិយោបល់