ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាប កាលពីព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការបង្ក្រាបនេះមានការដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយ លោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ និងសង្កាត់ជ័យជំនះ ចុះបង្ក្រាបទីតាំងលេងល្បែងបាញ់ត្រីខុសច្បាប់ខាងលើតែម្តង។
ជាក់ស្តែងក្នុងការបង្ក្រាបនេះ កម្លាំងបានធ្វើការហូតបាន ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ក្រៅពីនោះគឺជាប្រភេទទូហ្គេម ដាក់កាក់ ដូចនៅផ្សារទំនើប AEON និង ផ្សារទំនើបផ្សេងៗផងដែរ ហើយក្រោយពីធ្វើកំណត់ហេតុរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងកៅអីចំនួន៣ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្តទៀត៕
មតិយោបល់