ព័ត៌មានជាតិ

ស្រ្តីម្នាក់លួចម្សៅទឹកដោះគោនៅផ្សារឡាក់គី យកឲ្យយាយមានជំងឺហូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអំពើលួច (មិនរាងចាល) នៅចំណុចក្នុងផ្សារឡាក់គី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង (របស់ជនរងគ្រោះ) ។ ២-កាបូបស្ពាយពណ៌ខ្មៅ (របស់ជនសង្ស័យ) ។ ៣-លុយខ្មែរចំនួនមួយម៉ឺនរៀល (របស់ជនសង្ស័យ) ។ ៤-ទូរស័ព្ទ១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ) ។

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួច ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញ ក៏ត្រូវសន្តិសុខ និងបុគ្គលិកចាប់ខ្លួនបានតែម្តង ។ ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋាន ចាត់ការតាមនិតិវិធីតែម្តង ។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានធ្វើសកម្មភាព លួចម្សៅទឹកដោះគោ របស់ផ្សារឡាក់គីបាន១កំប៉ុង ពិតប្រាកដមែន ព្រោះដើម្បីយកទៅឲ្យលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ហើយគាត់បានប្រាប់ទៀតថា គាត់ធ្លាប់បានធ្វើសកម្មភាព លួចម្សៅទឹកដោះគោនៅផ្សារឡាក់គី ចំនួន២ដងរួចមកហើយ តែដោយសារគេអាណិត ក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ លុះមកលួចលើកទី៣ ក៏ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់