ព័ត៌មានជាតិ

Update៖ បញ្ជូនចោរឆក់ធ្លាប់ជាប់ពន្ធនាគារ៨ខែ ពីបទអំពើលួច មកតុលាការ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនចោរឆក់ធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ខែ ពីបទអំពើលួចមកតុលាការដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
ជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការសាលាដំបូងខេត្តកណ្តាល។

ក្នុងចំណោមជនសង្ស័យ២នាក់ ម្នាក់ធ្លាប់ជាប់ពន្ធនាគារនៅខេត្តកណ្តាលអស់រយៈពេល៨ខែ ពីបទលួច ពេលចេញមកវិញឆក់កាបូបទៀត ត្រូវសមត្ថកិច្ចស្រុកស្អាង ក្របួចជាប់បានភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវលេខ ១១០ ភូមិព្រែកតានប់ ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ាន់ សុខារ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ ពោធិតាប៉ាង ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនល្មើសទាំង២នាក់ ទី១ឈ្មោះ នី វណ្ណថេត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២ឈ្មោះ ផុន ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1T-9523 (ជារបស់ជនសង្ស័យ),កាបូបដៃ១ ពណ៌ក្រហម ក្នុងនោះមានប្រាក់៥៨៥,០០០រៀល។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨ ឈ្មោះ នី វណ្ណថេត បានជិះម៉ូតូម៉ាកវីវ៉ា ឌុបឈ្មោះ ផុន ស្រស់ តាមផ្លូវលេខ ១១០(ត្រើយខាងកើតទន្លេបាសាក់) មកដល់ចំណុច ភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ក៏ប្រទះឃើញ ឈ្មោះ រ៉ាន់ សុខរ៉ា កំពុងជិះម៉ូតូ ម៉ាក សង់កូរ៉េ ពណ៌ក្រហម ម្នាក់ឯងពីទិសខាងជើង ទៅទិសខាងត្បូងស្របទិសគ្នា ពេលជាមួយគ្នានោះ ឈ្មោះ ផុន ស្រស់ បានឆក់កាបូបដៃពីដៃខាងឆ្វេង ឈ្មោះ រ៉ាន់ សុខរ៉ា រួចជិះសំដៅមក ឃុំស្វាយប្រទាល ស្រុកស្អាង ពេលនោះ ជនរងគ្រោះ ស្រែកចោរៗ ទើបនគរបាលប៉ុស្តិ៍ស្វាយប្រទាល កំពុងល្បាតតាមភូមិសាស្រ្ត បានដេញតាម ភ្លាមនោះជនល្មើសបានទម្លាក់កាបូបលុយចោល ដោយបានសហការជាមួយនគរបាលប៉ុស្តិ៍ត្រើយស្លា ធ្វើការឃាត់ខ្លួនជនល្មើសទាំង២នាក់ រួមនឹងវត្ថុតាង(ម៉ូតូ)នៅភូមិថ្តុល ឃុំត្រើយស្លា ស្រុកស្អាង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី។

បញ្ជាក់ថា ឈ្មោះ ផុន ស្រស់ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៨ខែរួចមកហើយ ពីបទអំពើលួច កាលពីឆ្នាំ ២០១៥ ៕

មតិយោបល់