កណ្ដាលៈ គ្រោះអគ្គិភ័យមួយបានលេបត្របាក់រោងលក់ចាប់ហួយ និងរោងគោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលចន្លោះពី៨ទៅម៉ោង៩ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្បាលដីចម្ការស្វាយ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ម្ចាស់រោងដែលឆេះនេះ មានឈ្មោះ វី ស្រីនាង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ចាប់ហួយ និងធ្វើចម្ការ ស្នាក់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយរោងលក់ចាប់ហួយនេះ មានទំហំទទឹង៣ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ, រោងគោជាប់និងរោងចាប់ហួយមានទំហំទទឹង៣ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ, រោងលក់ចាប់ហួយសង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីចាស់ៗ, រោងគោធ្វើពីឈើដំបូលប្រក់ស័ង្កសីចាស់ៗ។
ក្នុងនោះដែរ អគ្គិភ័យបានបំផ្លាញ ទ្រព្យសម្បត្តិរួមមាន ម៉ាស៊ីនកាត់ស្មៅ ២គ្រឿង, ម៉ាស៊ីនបូមទឹក៥សេស១គ្រឿង, ជញ្ជីងប៉ុងចំនួន២គ្រឿង (១៥០Kgនិង៣០Kg ), ទុយោបាញ់ថ្នាំស្វាយប្រវែង ១៥០ ម៉ែត្រ, កំប៉ុងហ្គាសចំនួន១២ និងមានហ្គាសនៅក្នុងកំប៉ុងចំនួន០៤កំប៉ុង, ចង្រ្កានហ្គាសតូច១, អង្ករ ៥០kg, ធុងក្លាសេចំនួន២(ធំ១និងតូច១), អីវ៉ាន់ចាប់ហួយមួយចំនួនតូចទៀតព្រមទាំងមុង កន្ទេល និងខោអាវមួយចំនួន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៤និង១៥នាទី ឈ្មោះ វីស្រីនាង បានដាក់ដាំបាយនឹងចង្រ្កានហ្គាសនិងធ្វើម្ហូបហូប ហើយដឹកគោចូលក្រោល លុះដល់ម៉ោង៦និង៣០នាទី ឈ្មោះ វី ស្រីនាង បានចាប់ផ្តើមហូបបាយ ពេលហូបបាយរួចហើយក៏បានដួសបាយទុកយកទៅឲ្យប្តីនៅផ្ទះនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ លុះដល់ម៉ោងជិត៨ឈ្មោះ វី ស្រីនាង បានបិទរោងនិងចាក់សោរួចរាល់ទើបជិះម៉ូតូយកបាយទៅឲ្យប្តីនៅផ្ទះ។ ពេលទៅដល់ផ្ទះបានរៀបចំបាយឲ្យប្តីនិងកូនហូបរួចហើយក៏នាំគ្នាទៅងូតទឹករួចហើយប្តីរបស់ វី ស្រីនាង បាននិយាយប្រាប់ប្រពន្ធថាយប់នេះខ្លួនអត់បានទៅដេកចាំរោងនៅចម្ការស្វាយទេ ពេលនិយាយរួចហើយប្តីនិងកូនក៏បាននាំគ្នាចូលទៅដេកនៅផ្ទះធម្មតាទៅ រហូតដល់ម៉ោងជិត១០យប់ អ្នកភូមិឈ្មោះ សែន និងឈ្មោះ ចក់ បានមកប្រាប់ស្រីនាងថាភ្លើងឆេះរោងអស់ហើយ ភ្លាមនោះ ស្រីនាង ប្តី និងកូនបានជិះម៉ូតូមកមើលរោងនៅចម្ការពេលមកដល់ឃើញរោងឆេះអណ្តាតភ្លើងឡើងសន្ធោសន្ធៅក៏នាំគ្នាជះទឹកពន្លត់ទៅ។ ចំណែកគោដែលនៅក្នុងក្រោលបានដាច់ចេញពីក្រោលទៅជិតដល់ថ្នល់ជាតិ ក៏ត្រូវបានប្រជាជនជួយចាប់ចងឲ្យផងដែរ។
ចំពោះករណីអគ្គីភ័យនេះ គឺផ្តើមឆេះចេញពីដំបូងត្រង់កន្លែងរានដាក់ចង្រ្កានចំអិនអាហារនិងពុំទាន់ដាក់ការសន្និដ្ឋានឲ្យបានច្បាស់លាស់នៅឡើយទេ ថាបណ្តាលមកពីអ្វី ព្រោះសមត្ថកិច្ចនឹងបន្តការស្រាវជ្រាវបន្ថែមទៀត៕
មតិយោបល់