កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ២គ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ ស្លាប់និងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សារស្មីសាមគ្គី តាមផ្លូវជាតិលេខ២១អា ក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-6595 (គ្មានពាក់មួកសុវត្ថិភាព និងមានកញ្ចក់) អ្នកបើកបរឈ្មោះ ម៉ាក់ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ (ស្លាប់) ស្នាក់នៅ ភូមិសំបូរ ឃុំកែងប្រាសាទ ស្រុកចិត្តបុរី ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅនិងធ្វើជាកម្មករនៅក្រុមហ៊ុន ខេមបូ នៅភូមិលេខ៣ ឃុំស្វាយរលំ រួមដំណើរជាមួយឈ្មោះ វ៉ឹត តុង ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ ភូមិស្វាយពងអង្រ្កង ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាកម្មករនៅក្រុមហ៊ុនខេមបូ នៅភូមិលេខ៣ ឃុំស្វាយរលំ (របួសធ្ងន់) បើកបរក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុក ជាមួយម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-8196 (គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព) ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរឈ្មោះ ស៊ុ ឈាងលឹម ភេទប្រុស អាយុ៣២ឆ្នាំ នៅកណ្ដាលកោះតូច ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល (រងរបួសធ្ងន់)តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយបានបញ្ជូនអ្នករបួសទាំង២នាក់ តាមរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែត។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ បណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់