ព័ត៌មានជាតិ

បង្ក្រាបក្រុមជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតវត្ថុតាងជាង៦០គីឡូក្រាម និងអាវុធ៣ដើម

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់ៈ

គោលដៅទី១ នៅចំណុច ស្ថានីយប្រេងឥន្ទនៈតេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ ។

គោលដៅទី២ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២គ្រឿង ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុចបូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យទី១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន, ទី២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ, ទី៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ និងទី៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូនិង៧៥៩.៨៤ក្រាម, ហេរ៉ូអ៊ីន (HEROIN) ទម្ងន់សុទ្ធ២១គីឡូ និង១២០ក្រាម ។ សរុបសារធាតុញៀនប្រមាណ ៦៣គីឡូ និង៨៧៩.៨៤ក្រាម ។ អាវុធAK ១ដើមនិងអាវុធខ្លី២ដើម, រថយន្ត ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី ៕

មតិយោបល់