ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនអាមេរិក Vertiv ចាប់យកចំណែកទីផ្សារ Data Centre ជាង ៥០% នៅកម្ពុជា

ក្រុមហ៊ុន Vertiv ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក បានចាប់យកចំណែកទីផ្សារជាង ៥០ភាគរយ នៅក្នុងវិស័យបច្ចេកវិទ្យា Data Centre នៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Vertiv ធ្វើឡើងកាលពីម្សិលមិញនេះ។

លោក ថៃ សុខវុត្ថា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន Vertiv បានឲ្យដឹងថា ក្រុមហ៊ុន បានចាប់យកចំណែកទីផ្សារ Data Centre នៅកម្ពុជា ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ សុខាភិបាល អប់រំ -ល- ដែលសុទ្ធសឹងតែមានតម្រូវការខ្ពស់នូវ ប្រព័ន្ធបច្ចេកវិទ្យាផ្ទុកទិន្នន័យ Data Centre នាពេលបច្ចុប្បន្ន ហើយនឹងបន្តផ្ទុះឡើង នាពេលខាងមុខទៀត។

លោក Paul Churchill អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Vertiv បានមានប្រសាសន៍ថា ក្រុមហ៊ុន Vertiv ដែលជាអតីតក្រុមហ៊ុន Emerson Network Power បច្ចុប្បន្ននេះបានបើកដំណើរការជាផ្លូវការ ក្រោមស្លាកសញ្ញាថ្មីរបស់ខ្លួននៅកម្ពុជា ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែឯករាជ្យ ឯកជន ងាយស្រួលក្នុងការសម្រេចចិត្ត ជាពិសេសគឺ អាចបត់បែនទៅតាមតម្រូវការរបស់អតិថិជន។

ចាប់ផ្តើមទីផ្សារនៅកម្ពុជា ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Vertiv បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន ៧ និងបណ្តាញចែកចាយជាង ៨០ តែមិនមានបំណងបង្កើតការិយាល័យធំណាមួយ នៅកម្ពុជានោះទេ ហើយបច្ចុប្បន្នក្រុមហ៊ុនមាន Edge Data Centre ធំៗចំនួន ៣ នៅកម្ពុជាផងដែរ។

ប្រទេសកម្ពុជា ក៏ត្រូវបានរំពឹងទុកថា វិស័យបច្ចេកវិទ្យា នឹងកាន់តែទំនើប ស្របតាមភាពរីកចម្រើននៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលនឹងជម្រុញឲ្យ កម្ពុជា អាចបង្កើតអត្តសញ្ញាណមួយជាក់លាក់ ខាងវិស័យបច្ចេកវិទ្យាផងដែរ។

គួរជម្រាបដែរថា ការលក់ជាសារពើពន្ធរបស់ Vertiv ក្នុងឆ្នាំ ២០១៦ មានចំនួន ៤.៤ពាន់លានដុល្លាអាមេរិក៕

មតិយោបល់