ព័ត៌មានជាតិ

កងបញ្ជាការដ្ឋានអង្គរក្សម្នាក់ បើករថយន្តបុកគេហើយរត់ រហូតបន្តបុករះរថយន្ត២គ្រឿងទៀត មានអីត្រូវពលរដ្ឋដាក់ទ្រមខ្លួន

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ដែលមានមុខងារជាអនុសេនីយ៍ឯក បញ្ជាការដ្ឋានអង្គរក្ស ផ្នែកអន្តរាគមន៍១៤៤ បានបើករថយន្តម៉ាកសាំយ៉ុង បុកម៉ូតូមួយគ្រឿងនៅឯស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បែរជាមិនទទួលខុសត្រូវ រួចបន្តល្បឿនបើករត់មកតាមផ្លូវជាតិលេខ២ រហូតមកដល់ក្បែរច្រកចូលវត្តព្រែកថ្លឹង ក៏រេចង្កូតទៅបុករះរថយន្ត២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតទើបឃាត់រថយន្តបង្ក និងអ្នកបើកបរបានត្រូវពលរដ្ឋទប់កំហឹងមិនបានដាក់ម្នាក់មួយដៃទ្រមខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបង្កគ្រោះថ្នាក់មួយតង់ទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងនោះ មានឈ្មោះ មុំ វីរៈ មានមុខងារជាអនុសេនីយ៍ឯក បញ្ជាការដ្ឋានអង្គរក្ស ផ្នែកអន្តរាគមន៍១៤៤ ដោយមានកាន់កាប់អាវុធខ្លីមួយដើមម៉ាក Beretta ផងដែរ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4359 បើកបរដោយបុរសខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងមិនចាំម៉ាក ហើយបើករត់តាំងពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ខណៈនោះរថយន្តបង្កបានបន្តបើករត់តាមបណ្ដោយផ្លូវជាតិលេខ២ រហូតមកដល់ក្បែរច្រកចូលវត្តព្រែកថ្លឹង ក៏បានបុករះរថយន្ត២គ្រឿងដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យរងការខូចខាតថែមទៀត សំណាងណាស់ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ព្រមជាមួយគ្នានោះដែរ ដោយសារពលរដ្ឋទប់កំហឹងមិនបានក៏នាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងឡើងប៉ោងមុខ ទើបប្រគល់ឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងរកឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងរថយន្តបង្កផងដែរ ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរខាងលើ រួមនិងអ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់