តាកែវៈ លោកអធិការស្រុកកោះអណ្តែត បានប្រាប់Post Newsមុននេះបន្តិចថា ជនសង្ស័យជាឃាតករដែលធ្វើសកម្មភាពរំលោភសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំនៅចម្ការអំពៅ ពេលនេះឃាត់ខ្លួនបានហើយកាលពីព្រលប់ថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង។
លោកអធិការបានបញ្ជាក់បន្ថែមថា ជនសង្ស័យជាឃាតកររូបនេះ មានឈ្មោះ ស៊ឹម សុវណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអង្កាញ់ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងនោះដែរលោកអធិការបានបញ្ជាក់ទៀតថា ចំពោះមូលហេតុដែលផ្តើមឲ្យជនសង្ស័យខាងលើនេះ ប្រព្រឹត្តនូវអំពើដ៏ឃោឃៅបែបនេះ គឺដោយសារតែរូបគេសារភាពថា រូបគេស្រវឹង ទើបធ្វើបែបនេះចំពោះក្មេងស្រីរងគ្រោះ។
គួររំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ មានករណីឃាតកម្ម ដ៏សាហាវមួយបានកើតឡើង ដោយក្មេងស្រីអាយុ១២ម្នាក់ ត្រូវឃាតករ ធ្វើសកម្មភាពរំលោភកាច់បំបាក់ដៃជើងនិងក នៅក្នុងចម្ការអំពៅ រួចឃាតកររូបនេះ បានគេចខ្លួនបាត់ ស្ថិតនៅចំណុចភូមិអង្កាញ់ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
បច្ចុប្បន្នចំពោះសាកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកឃាតករខាងលើ សមត្ថកិច្ចកំពុងតែបន្តការស្រាវជ្រាវបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់