ភ្នំពេញ: យុវជនម្នាក់សេពគ្រឿងញៀនហួលកម្រិត លួចឡើងលើផ្ទះគេទាំងកណ្ដាលអាធ្រាត្រ ម្ចាស់ផ្ទះស្មានថា ជាចោរ បាននាំគ្នាចាប់ខ្លួន រួចព្រួតគ្នាវាយមួយដៃមួយជើងម្នាក់ ឡើងទ្រោមខ្លួន ទើបហៅ នគរបាលនាំយកទៅប៉ុស្ដិ៍។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងបូរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ដើរចុះឡើងៗ នៅម្ដុំនោះស្រាប់ មួយសន្ទុះក្រោយមក គេឃើញបុរសរូបនោះ ដើរឡើងតាមជណ្ដើរចំហៀង ផ្ទះល្វែង រួចបន្ដ ដើរឡើងទៅលើជាន់ទី១ និងដើរអើតឈ្ងោកតាមបន្ទប់ជួលគេ ចៃដន្យ ពេលនោះមានម្ចាស់បន្ទប់ម្នាក់ បានបើកទ្វារចេញមកក្រៅ ក៏ឃើញជនសង្ស័យឈរនៅមុខបន្ទប់ជួល ក៏ភ្ញាក់ព្រើត ទើបស្រែកឆោឡោឡើងភ្ញាក់ផ្អើល ដល់អ្នកនៅជិតខាងនាំ គ្នាចេញមកមើល ឃើញជនសង្ស័យ បាននាំគ្នាចាប់វាយម្នាក់ មួយដៃមួយជើង រហូតដល់សន្លប់មួយសន្ទុះ ព្រោះគេនឹកស្មានថា ជាចោរដោយសារលួច ឡើងលើផ្ទះគេទាំងកណ្ដាលអាធ្រាត្រ។
ប្រភពបានបន្ដថា ពេលនោះប្រជាពលរដ្ឋ បានវាយនិងចាប់ចងដៃ និងបានហៅសមត្ថកិច្ចមកមើលនៅ ពេលសមត្ថកិច្ចមកដល់ទើបដឹងថា បុរសម្នាក់នេះ ញៀនថ្នាំ ដល់កម្រិតដោយ សារតែគេសេពគ្រឿងញៀន ខ្លាំងពេក ទើបដើរវង្វេងវង្វាន់ ដើរឡើងផ្ទះគេមិនដឹងអីបែបនេះ។ ប៉ុន្ដែ ប្រជាពលរដ្ឋបានលើកឡើងថា គេមិនមែនញៀនថ្នាំ មិនដឹងអីទេ គេលួចឡើង លើផ្ទះបែបនេះ គេមានមូលហេតុ អាចប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ បើកុំតែគេដឹងខ្លួន ទាន់កុំអី មិនដឹងជាលួចអីគេបានខ្លះនោះទេ។
នគរបាល បាននាំយកជនញៀនថ្នាំនោះ ទៅអប់រំ និងហៅបងប្អូនសាច់ញាតិមកធានាយកទៅផ្ទះវិញ៕
មតិយោបល់