ព័ត៌មានជាតិ

លួចម៉ូតូគេបានសម្រេច គេចមិនផុតជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេច។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថមិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សំ ពិសី ភេទស្រី អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ភឹម ផៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដនិងបក្ខពួក២នាក់ទៀតរត់គេចខ្លួន។ ម៉ូតូដែលជនសង្ស័យលួចម៉ាកស៊ុយសាគីឡេត ពណ៌សលាយខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CN-3844 ។

ក្នុងការចុះបង្ក្រាបនេះដឹកនាំកម្លាំងដោយ លោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យលោកបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកពីផ្ទះបូរីពិភពថ្មីចំដូងត្រឡប់មកផ្ទះជួលកន្លែងលក់ដូរខាងលើ ហើយទុកម៉ូតូនៅក្នុងផ្ទះរួចយកកូនសោចាក់យកចាក់កែបម៉ូតូហើយភ្លេចដកកូនសោជាប់ និងកែបរួចក៏ដើរចូលក្នុងបន្ទប់ហើយក្រឡេកឃើញជនសង្ស័យដើរក្របែលគៀនផ្ទះមួយសន្ទះក្រោយមកជនរងគ្រោះចេញមកក្រៅវិញ ស្រាប់តែមិនឃើញម៉ូតូនិងបាត់ជនសង្ស័យទើបមានការសង្ស័យលើជនសង្ស័យម្នាក់នោះតែម្ដង ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងស្រាវជ្រាវ លុះដល់ម៉ោង២រសៀលទើបឃាត់ជនសង្ស័យយកមកសាកសួរម្តងហើយជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសាកសួរ ចំណែកជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕

មតិយោបល់