ប៉ៃលិនៈ នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានករណីជំនន់ទឹកភ្លៀង ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឲ្យលិចផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៥៣ខ្នង ក្នុងនោះ៣០ខ្នង ធ្ងន់ ១៥ខ្នង មធ្យម និង ២៣ខ្នង ស្រាល។ មានភូមិកូនដំរី ចំនួន១៩ខ្នង( ខ្លាំង ៨ខ្នង មធ្យម ៩ខ្នង និងស្រាល ២ខ្នង ) និងភូមិផ្ទះស្បូវ ចំនួន ៣៤ខ្នង ( ធ្ងន់ ២២ខ្នង មធ្យម ៦ខ្នង និងស្រាល ៦ខ្នង)។
តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់យ៉ាងខ្លាំងទូទាំងខេត្តប៉ៃលិន រយៈពេលរាប់ម៉ោង លុះព្រឹកឡើងក៏កើតមានករណីទឹកជំនន់នេះតែម្តង។
គួរបញ្ជាក់ថា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមខេត្ត កំពុងចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
មតិយោបល់