ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់២នាក់

ពោធិ៍សាត់ៈ លោកអធិការស្រុកបាកាន បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើយដោយរថយន្តហុកឡបុករថយន្តនីសាន់ មនុស្ស២នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ គេឃើញរថយន្តហុកឡ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-1003 បើកបរដោយឈ្មោះ ជេស សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដប់បាង សង្កាត់លលកសរ ក្រុងពោធិ៍សាត់ និងព្រូឈ្មោះ ជេស ទី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា (របួសធ្ងន់) លុះមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្តនីសាន់ ពណ៌ត្រួយចេក ពាក់ស្លាកលេខ តាកែវ3A-2254 ក្នុងទិសដៅស្របទិសគ្នា ដែលឈប់លើចិញ្ចើមផ្លូវ បើកបរដោយឈ្មោះ វ៉ិត វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់