ព័ត៌មានជាតិ

ចុមអត់កន្លែងនិយាយមែន! បុរសម្នាក់ឡើងលើដំបូលផ្ទះឈរនិយាយទូរសព្ទក្បែរខ្សែភ្លើងមានអីឆក់ធ្លាក់របួសយ៉ាងធ្ងន់ធ្ងរ!

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ទំនងជាអត់កន្លែងនិយាយទូរសព្ទណាស់ហើយ បានជាឡើងទៅឈរនៅលើដំបូលផ្ទះក្បែរខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់ចុះមកខាងក្រោម រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ រៀម នូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិឬស្សីស្រុក ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើនេះ ឡើងលើដំបូលផ្ទះ ឈរនិយាយទូរសព្ទក្បែរខ្សែភ្លើងធំ ប្រវែងប្រមាណ១ម៉ែត្រ ខណ:នោះក៏បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់ចុះមកខាងក្រោមកម្ពស់៦ម៉ែត្រ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង៕

មតិយោបល់