ព័ត៌មានជាតិ

Update: បញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សជាច្រើននាក់របួសនៅស្រុកខ្សាច់កណ្តាល មកតុលាការ

កណ្ដាលៈ នគរបាលស្រុកខ្សាច់កណ្ដាល នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជូនយុវជនម្នាក់មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបង្កគ្រោះថ្នាក់ចររាចរណ៍ បណ្តាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល។ បច្ចុប្បន្នយុវជនរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ៤០/៤១ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ករណីនេះបង្កឡើងដោយរថយន្ដម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3A-7790 បើកបរដោយឈ្មោះ លាត លួត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជីក ឃុំជីក ស្រុកកំចាយមារ ខេត្តព្រៃវែង បើកបរនៅក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែង រថយន្ដ១គ្រឿងមិនស្គាល់ម៉ាកបានបុកជាមួយរថយន្ដ១គ្រឿងទៀតម៉ាក Samyung ពណ៌លឿង ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 2T-5721 បើកបរដោយឈ្មោះ សុខ រីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជើងវត្ត ឃុំគងជយ័ ស្រុកអូរាំងឪ ខេត្តត្បូងឃុំ បើកបរនៅក្នុងទិសដៅពីលិចទៅកើត អ្នករួមដំណើរ(១០នាក់មិនស្គាល់អត្តសញ្ញាណ)។
ករណីនេះបណ្ដាលឲ្យរងរបួស៦នាក់ (របួសធ្ងន់៤នាក់ស្រីនិងរងរបួលស្រាល២នាក់ប្រុស) ខូចខាតសំភារៈរថយន្ត២គ្រឿង ធ្ងន់១គ្រឿង និងស្រាល១គ្រឿង ដោយមូលហេតុអ្នកបើកបររថយន្តបង្កបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញ រីឯអ្នកបើកបររថយន្តបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូននិងដកហូតមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់