ព័ត៌មានជាតិ

ព្រំដែន​កម្ពុជា-ថៃ​នឹងបើក​ដំណើរការ​ឡើងវិញ​ នៅថ្ងៃស្អែកនេះ​បន្ទាប់ពី​បិទបណ្ដោះអាសន្ន​រយៈពេល​១៤ថ្ងៃ

ពីព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានឲ្យដឹងថា​នៅចំពោះមុខការត្រៀមបើកច្រកព្រំដែននៅថ្ងៃទី១៣សីហា ការធ្វើចរាចរណ៍ទំនិញអ្នកបើកបររថយន្តដឹកទំនិញត្រូវយកសំណាកដើម្បីបង្ការកូវីដ១៩ដែលតាភ្លាមៗនៅនឹងកន្លែង។ ក្រៅពីបង្កើនការប្រុងប្រយ័ត្នលើមុខទំនិញ អាជ្ញាធរខេត្តក៏ត្រៀមទទួលយកពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃផងដែរជាមួយនឹងការត្រៀមរួចជាស្រេចមណ្ឌលចត្តាឡីស័កពីរកន្លែងបន្ថែម​​ទៀតដែលមណ្ឌលទាំង២ ផ្ទុកពលករបានក្នុងរង្វង់៦ពាន់នាក់ ​ខណៈមណ្ឌលចត្តាឡីស័កមានស្រាប់មានចំនួន៣០កន្លែងរួចទៅហើយ។

សូមជម្រាបជូនថា សម្រាប់ព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យមុនការបិទខ្ទប់១៤ថ្ងៃជាមធ្យមមានពលករប្រមាណជា៥០០នាក់បានសម្រុកមកប្រទេសកម្ពុជាក្នុងមួយថ្ងៃៗ។ រាប់ចាប់តាំងពីការផ្ទុះកូវីដ១៩នៅក្នុងខេត្តសាមុតសាខនរបស់ថៃកាលពីចុងខែឆ្នាំ២០២០ ពលករខ្មែរធ្វើដំណើរចូលមកប្រទេសកម្ពុ​ជាតាមច្រកអូរស្មាច់ខេត្តឧត្តរមានជ័យមានចំនួនជាង១០ម៉ឺននាក់ ហើយ១ម៉ឺននាក់ជាពលរដ្ឋរស់នៅក្នុងខេត្តនេះស្រាប់។

លោក ឡឹង សុផុន មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃលើកឡើងថា ប្រសិនបើខេត្តជាប់ព្រំដែនកម្ពុជាថៃ បើកច្រកទទួលពលករព្រមគ្នា ពលករនឹងសប្បាយចិត្តត្បិតពេលនេះពួកគេកំពុងជាប់គាំងនៅព្រំដែនស្រាប់។ បើតាមលោកសុផុនមានពលករខ្មែរមិនក្រោម១ពាន់នាក់ឡើយជាប់នៅព្រំដែនហើយលទ្ធភាពត្រឡប់មកកម្ពុជាវិញជាការទន្ទឹងរងចាំជាប់ជានិច្ចក្នុងចិត្តរបស់ពួកគេទោះជាត្រូវព្យា​បាល​​ឬធ្វើចត្តាឡីស័កក៏ដោយ។

បើតាមសេចក្ដីណែនាំរបស់របស់រដ្ឋាភិបាលនៅថ្ងៃទី១១ខែសីហា ការអនុវត្តវិធានការបិទខ្ទប់បណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃនិងខេត្តសៀមរាបរួមនឹងយុទ្ធនាការថ្នាក់ជាតិរយៈពេល១៤កន្លងមកនេះបានជួយដល់ការគ្រប់គ្រងនិងពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំ​ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ប្រភេទដែលតា។ ជាក់ស្ដែង អត្រានៃឆ្លងរាលដាលនៃជំងឺកូវីដ១៩ប្រចាំថ្ងៃ មានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតាបានធ្លាយចូលក្នុងសហគមន៍និងបានរាលដាលរហូតទៅ១៧រាជធានីខេត្តក៏ដោយ។

ដើម្បីបន្តប្រសិទ្ធិភាពក្នុងការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគដែលតាក្រោយវិធានការបិទខ្ទប់បណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃនិងសៀមរាបត្រូវបានបិទបញ្ចប់ នៅយប់ថ្ងៃទី១២សីហា រដ្ឋាភិបាលបានណែនាំទៅអភិបាលរាជធានីខេត្តនៅទូទាំងប្រទេស បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដសម្រាប់រយៈពេល៧ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី១៩សីហា។ សូមជម្រាបជូនថា ចាប់ពីថ្ងៃទី៣១មិនាដល់ថ្ងៃទី១០សីហាកម្ពុជារកឃើញវិជ្ជមានវីរុសដែលតាសរុប៤២៩នាក់៕

មតិយោបល់