ព័ត៌មានជាតិ

ផ្លាស់ប្តូរតំណែងអធិការក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ជំនួសលោក អ៊ុំ សុផល

បន្ទាយមានជ័យៈយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៤៣៩៨ ប្រក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដែលមានចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការផ្លាស់ប្តូរមុខតំណែងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យច្រើនរូប ក្នុងនោះ ក៏មានតំណែងអធិការក្រុងប៉ោយប៉ែតផងដែរ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ច្បាស់ថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៧រូប រួមមាន ១-លោកវរសេនីយ៍ឯក ឈឿម សុផុន អត្តលេខ០៥៥៤៤ អនុប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ត្រូវតែងតាំងជាស្នងការរង ២-លោកវរសេនីយ៍ទោ រ៉ែម វីរៈ អត្តលេខ០៤២៦១ អនុប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ជាស្នងការរង ទទួលបន្ទុកដឹកនាំការងារ កងវរសេនាតូចនគរបាល ការពារព្រំដែនគោក ៣-លោកវរសេនីយ៍ទោ អ៊ុ សុផល អត្តលេខ៥៤៩១៨ ពីអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ៤-លោកវរសេនីយ៍ឯក បាន ធឿន អត្តលេខ០២៩១២ ពីនាយការិយាល័យអន្តោប្រវេសន៍ ជានាយការិយាល័យសណ្តាប់ធ្នាប់ ៥-លោកវរសេនីយ៍ទោ រី ធុល អត្តលេខ១០២៤៤ ពីនាយការិយាល័យសណ្តាប់ធ្នាប់ ជានាយការិយាល័យអន្តោប្រវេសន៍ ៦-លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អត្តលេខ៥៣៨៤៦ ពីនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ជាអធិការនគរបាលក្រុងប៉ោយប៉ែត និង៧-លោកអនុសេនីយ៍ឯក ង៉េង សុខជា អត្តលេខ៥០២០៧ ពីនាយរងការិយាល័យសណ្តាប់ធ្នាប់ ជានាយការិយាល័យប្រឆាំងគ្រឿងញៀន និងត្រូវបានតម្លើងឋានន្តរៈស័ក្កិជូនលោកង៉េង សុខជា ជាវរសេនីយ៍ត្រីផងដែរ។

គួរមានការកត់សម្គាល់ផងដែរ នៅក្នុងចំណោមនាយនគរបាលជាតិនៃស្នងការខេត្តបន្ទាយមានជ័យ ដែលត្រូវបានថ្នាក់លើផ្លាស់ប្តូរ និងតែតាំងមុខតំណែងថ្មីទាំងអស់នោះ ត្រូវបានមតិនានាពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត មានការចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺតំណែងជាអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតែម្តង។

ដោយប្រភពបានលើកឡើងថា នៅក្រុងប៉ោយប៉ែត ជាច្រកមួយដែលគេចាត់ទុកថា ជាច្រកសេដ្ឋកិច្ចពិសេសនាំមុខគេទូទាំងប្រទេសផងដែរ។ ហើយម្យ៉ាងទៀតចំពោះបទល្មើសវិញ កើតមានច្រើនណាស់ មានដូចជា បទល្មើសសេដ្ឋកិច្ច នាំទំនិញចេញ-ចូលឆ្លងដែនពីថៃមកកម្ពុជាទៅវិញទៅមក បទល្មើសចរាចរណ៍ចែកចាយគ្រឿងញៀន បទល្មើសពលករលួចឆ្លងដែនចេញ-ចូលទៅថៃខុសច្បាប់ និងរួមទាំងបទល្មើសបនល្បែងស៊ីសងខុសច្បាប់ដែលរាជរដ្ឋាភិបាលបានហាមឃាត់នោះ ក៏គេសង្កេតឃើញកើតមានជាច្រើនកន្លែងផងដែរ។

ប្រជាពលរដ្ឋបានបន្តលើកឡើងថា ពួកគាត់ និងរង់ចាំមើលថា តើលោកធិន ស៊ិនដេត ជាអធិការក្រុងប៉ោយប៉ែត ដែលគ្រោងនិងរកថ្ងៃល្អ ដើម្បីប្រកាសចូលមកកាន់តំណែងថ្មីនេះ និងមានវិធានការចាត់ការបោសសម្អាតនូវបទល្មើសដែលកើតមាននៅតំបន់ជាយដែនកម្ពុជា-ថៃនេះបានឬអត់៕

photo_2016-05-20_17-12-23photo_2016-05-20_17-28-16 photo_2016-05-20_17-28-17

មតិយោបល់