ភ្នំពេញៈ បុរស២នាក់ ទើបតែចេញមកពីស៊ីការគេ ហើយបើករថយន្តត្រឡប់មកផ្ទះវិញ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះ ចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចខូចខាតអស់មួយកំណាត់ខាងមុខ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ២៨៩ ត្រង់ចំណុចមុខការ៉ាស់សាំង «តេលា» ទល់មុខអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរស២នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្ត ១គ្រឿងម៉ាក កាំម៉ារីបាឡែង ពណ៌ស គ្មានផ្លាកលេខ
ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់រថយន្តស្រវឹងស្រា ងោកមួយភាំង ក៏ជ្រុលទៅចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខ្ទេចមួយកំណាត់មុខ ផ្ទុះពោងមុខទាំងសងខាង ភ្លាមៗនោះ ម្ចាស់រថយន្ត បានចុះពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងជំនាញ ចុះវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់