ព័ត៌មានជាតិ

ចុម! BMWជនជាតិចិនបើកបត់ឆ្លងផ្លូវចូលបុរីអូគីដេវីឡា ត្រូវម៉ូតូសង់បើកលឿនបុកពេញទំហឹង ខូចខាតទាំងសងខាង!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តBMWមួយគ្រឿង ដែលកំពុងបត់ឆ្វេងឆ្លងផ្លូវ បំណងចូលក្នុងបុរីអូគីដេវីឡា បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ត្រង់ចំណុចមុខច្រកចូលបុរីអូគីដេវីឡា បណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកម៉ូតូខាងលើមានឈ្មោះ ទួន សុឌិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-9026 ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក BMW 740LI ពណ៌ស អត់មានស្លាកលេខ បើកបរដោយជនជាតិចិនប្រុសស្រី៦ទៅ៧នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងបំណងចូលទៅក្នុងបុរីអូគីដេវីឡា ខណៈដែលឆ្លងជិតផុតហើយនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសខាងលើ ក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុកចំកង់ក្រោយរថយន្តចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯអ្នកបើកបររងរបួសបាក់ជើងស្តាំ ចំណែកឯរថយន្តរងការខូចខាតកំពិត និងដាច់កង់ក្រោយចំហៀងខាងស្តាំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិក សម្ភពរស្មី ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់