ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប ក្រោយពីពួកគេធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូមួយគ្រឿង។

សកម្មភាពបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ ផ្លូវបេតុង ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ២នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ សុខ ថន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ប៉ុល ធឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឆាយ ដាលីន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥សេ ផ្លូវលេខ៦៣កែងផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

លោក កាន់ សុខ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយជនរងគ្រោះបានទៅប្តឹងនៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះរួចមកលោក មុាំង សុខលុច នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង ព្រមទាំងដកហូតម៉ូតូបាន២គ្រឿង ដោយក្នុងនោះមានម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាក Zoomer X ស៊េរី២០១៧ ពណ៌ខ្មៅលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GH-6294 និងម៉ូតូជនសង្ស័យ មួយគ្រឿងម៉ាក Step ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-8774។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថបានធ្វើការនាំខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់