កំពង់ចាមៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តស្លាកលេខរដ្ឋរបស់ក្រសួងសុខាភិបាល បើកបរខ្វះការប្រុងប្រយត្ន័ ទៅប៉ះម៉ូតូ១២៥ កំពុងជិះ២នាក់ម្តាយកូន បណ្តាលឲ្យកូនប្រុសអាយុ២ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងម្តាយស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន មន្ទីរផែនការខេត្តកំពង់ចាម ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកអីហ្សុយហ្សុយ ពណ៌ស ដែលមានស្លាកលេខរដ្ឋ ១២-៣-០០២០ របស់ក្រសួងសុខាភិបាល បើកបរដោយឈ្មោះ ឈុន លី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ
សាមគ្គី៤ សង្កាត់ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បើកបរពីលិចទៅកើត) និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M-2888ជិះគ្នា២នាក់ម្តាយនិងកូន (បើកបរពីជើងទៅត្បូង) បើកបរដោយឈ្មោះ កាន់ ស្រីហ៊ី ភេទស្រី អាយុ២១ឆ្នាំ ស្នាក់ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ ឆេង ឆាវឆាវ អាយុ២ឆ្នាំ ដោយឡែកម្ដាយក្មេងរងគ្រោះបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រោយមកបានស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តបង្កនិងអ្នកបើកបរនៅនឹងកន្លែងកើតហេតុ រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់