ព័ត៌មានជាតិ

អាវុធហត្ថ ដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ ដែលបង្ក្រាបបានខណ្ឌដង្កោ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ នៅកន្លែងចាក់សម្រាមស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា ដោយមានការអនុញ្ញាតពីសំណាក់ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិ និងក្រោយពីទទួលបានពាក្យបណ្តឹង ស្តីពីការក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ដែលបានប្តឹងមកស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ដោយយោងទៅនឹងច្បាប់ បទបញ្ជា និងការចង្អុលបង្ហាញរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កម្លាំងស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដំណើរការស៊ើបង្កេត នូវរាល់ការក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬ ពាណិជ្ជនាម ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអបសាលាដំបូងរាជធានីភ្នំពេញ គឺនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងបានដំណើរការស៊ើបង្កេត និងឈានដល់ការបង្ក្រាប រឹបអូសបានសម្លៀកបំពាក់ក្លែងបន្លំចំនួនបីទីតាំង ដែលបង្ក្រាបបានខោអាវចំនួន ២៤៥៣ កំប៉្លេ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្នោះ ហេង រស្មី បញ្ជូនទៅតុលាការដើម្បីបន្តនីតីវិធីផងដែរ។
ក្នុងឱកាសនោះផងដែរ លោក បានបន្តថាការបង្ក្រាបនេះគឺធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការក្លែងបន្លំកម្មសិទ្ធិបញ្ញាទាំងឡាយ ដែលបានកើតឡើងនៅទូទាំងប្រទេស ហើយក៏ជាសញ្ញាមួយដែលបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ហើយជនណាដែលបានប្រព្រឹត្តនូវអំពើក្លែងបន្លំ ដែលច្បាប់ហាមឃាត់ គឺដាច់ខាតត្រូវតែមានការបង្ក្រាប និងអនុវត្តទៅតាមនីតិវិធីដែលបានចែង ហើយថ្ងៃនេះជាក់ស្តែងសម្លៀកបំពាក់ចំនួន ២៤៥៣កំប៉្លេ ដែលជាករណីនៃការក្លែងបន្លំកម្មសិទ្ធិបញ្ញានេះ គឺកម្លាំងអាវុធហត្ថបង្ក្រាបបានយ៉ាងជោគជ័យ និងទទួលបានលទ្ធផលល្អសើរ ហើយសង្ឃឹមថាការក្លែងបន្លំទាំងឡាយគឺនឹងមិនមានតទៅទៀតឡើយ។ តាមសំណូមពរបស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិ និងដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីលុបបំបាត់ផលិតផលក្លែងក្លាយ នៅថ្ងៃនេះគឺយើងបានដំណើរការដុតបំផ្លាញចោលសម្លៀកបំពាក់ទាំងអស់ ដោយមានការចូលរូមពី ព្រះរាជអាជ្ញា តំណាងសហព័ន្ធកីឡាបាល់ទាតិជាតិ កម្លាំងអាវុធហត្ថ និងអាជ្ញាធរដែនដីផងដែរ៕

 

មតិយោបល់