ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ ម៉ូតូសងបុកម៉ូតូសង កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចរង្វង់មូលទួលគោក តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយសារ ភាគីបង្កហេតុបើកបរបញ្ច្រាសផ្លូវ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ស្រាប់តែទ្បឺសំលេងប្រាវ ធ្វើឲ្យផ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏នាំគ្នាមកមើល ឃើញមនុស្សប្រុស រងគ្រោះដេកដួល នៅលើថ្នល់ជាតិបាត់ទៅហើយ។
តាមប្រភពបន្ថែមថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត បានបើកបរម៉ូតូតែម្នាក់ឯង ម៉ាកសង125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5356 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក់សងសេ១២៥ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះដោយបុរសម្នាក់ ដែលជិះបញ្ច្រាសទិសផ្លូវ ក៏ជ្រុលមកប៉ះគ្នា បណ្តាលឲ្យជនរងគ្រោះដួលប្រាវនៅនិងថ្នល់ បាក់កស្លាប់នៅកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះដែលស្លាប់ខាងលើត្រូវគេស្គាល់ឈ្មោះ ខៀវ សុវណ្ណ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែងរួច និងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីមកទទួលយកសាកសពជនរងគ្រោះទៅធ្វើបុណ្យ តាមប្រពៃណី ហើយចំណែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចវាស់វែង និងរក្សាទុកឲ្យក្រុមគ្រួសារ មកទទួលយកទៅវិញផងដែរ៕
https://youtu.be/hb3TR-PJkMo
មតិយោបល់