លីប៊ីៈ ការិយាល័យ UN សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) បានរាយការណ៍ថា មនុស្សចំនួនជាង ៥.០០០ គ្រួសារ បានរត់គេចខ្លួនពីការគ្រប់គ្រងរបស់ Da’esh នៅទីក្រុង Sirte ប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
មនុស្សជាច្រើនក្នុងចំណមពួកគេ ត្រូវបានភ្លៀសខ្លួនទៅទីក្រុង Bani Walid, Tobruk, Misrata និង Tripoli នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យ UN បាននិយាយនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយ។
អង្គការសហប្រជាជាតិ(UN) រួមទាំងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) កំពុងផ្តល់ជំនួយ ដល់គ្រួសារនៅទីក្រុង Bani Walid និង Misrata រួមមានដូចជា សំភារៈប្រើប្រាស់ផ្ទះបាយ ទឹក និងឧបករណ៍សង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត។
Da’esh ត្រូវបានគេស្គាល់ផងដែរថា ជារដ្ឋអ៊ីស្លាម (IS) ដែលបានគ្រប់គ្រងផ្នែកមួយ នៃទឹកដីនៅក្នុងប្រទេសលីប៊ី អ៊ីរ៉ាក់ និងប្រទេសស៊ីរី។
កាលពីពាក់កណ្តាលខែមីនា ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងពួកសកម្មប្រយុទ្ធ IS និងកងកម្លាំងលីប៊ីនៅទីក្រុង Sirte ដែលបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ២០ នាក់ និងពីរនាក់ទៀតជាកងកម្លាំងប្រទេសលីប៊ី នេះបើតាមការឲ្យដឹងពីប្រភពយោធាមួយ៕
មតិយោបល់