ព័ត៌មានបច្ចេកវិទ្យា

ប្រើ iPhone 7 Plus ថតរូបព្រាលផ្ទៃខាងក្រោយឲ្យមានគុណភាព

អ្នកណាមិនដឹងថា កាមេរ៉ា iPhone 7 Plus អាចថតផលិតចេញនូវរូបភាពបានយ៉ាងច្បាស់ រួមជាមួយផ្ទៃខាងក្រោយមានសភាពព្រាល ដូចទៅនឹងកាមេរ៉ាអាជីពមួយដែរ បើសិនជាអ្នកមានជំនាញថតរូបបានល្អស្រាប់កាន់តែប្រសើរ ហើយនេះក៏គួរតែអគុណទៅដល់កាមេរ៉ាភ្លោះ និងមុខងារថតរូប Portrait Mode ដែលបានបំពាក់នៅលើវាស្រាប់ផងដែរ។ ចំណែកឯប្រិយមិត្តណាដែលពុំទាន់ដឹងច្បាស់អំពីបច្ចេកទេសថតរូប តាមមុខងារ Portrait Mode នៅលើ iPhone 7 Plus នេះទេ គួរតែស្វែងយល់ពីឥឡូវនេះ តាមការណែនាំខាងក្រោម៖

#លក្ខខណ្ឌអនុវត្តន៍

  • iPhone 7 Plus ប្រើប្រាស់ប្រព័ន្ធ ​iOS ចាប់ពីជំនាន់ 10.1 ឡើងទៅ

#ការថតរូបតាមមុខងារ Portrait Mode

១. Switching to Portrait Mode៖ បើកកម្មវិធី Camera បន្ទាប់មក ចាប់អូសឆ្វេង ឬស្ដាំ នៅលើផ្ទាំងបង្ហាញរូបភាព ដើម្បីប្ដូរទៅកាន់មុខងារ Portrait Mode។

២. Exposure៖ នៅលើកាមេរ៉ាភ្លោះរបស់ iPhone 7 Plus រាល់ការថតរូបគឺតម្រូវឲ្យមានពន្លឺគ្រប់គ្រាន់ ដើម្បីឲ្យរូបថតផលិតចេញមកបានច្បាស់ល្អ។ ហើយប្រសិនបើ អ្នកថតរូបតាមមុខងារ Portrait Mode ជាមួយពន្លឺមិនគ្រប់គ្រាន់ នោះកម្មវិធី Camera នឹងផ្ដល់ជាសារព្រមានប្រាប់អ្នកភ្លាមជាមិនខាន។

ការថត Portrait Mode ឲ្យកាន់តែបានស្អាត គឺនៅពេលដែលមានពន្លឺព្រះអាទិត្យជះមកលើផ្ទៃខាងក្រោយរូបភាព ខណៈដែលមនុស្ស ឬវត្ថុ ដែលបម្រុងថតចាប់យក កំពុងស្ថិតក្នុងម្លប់ ឬទិសដៅកាមេរ៉ាមិនបញ្ច្រាស់គ្នាជាមួយនឹងពន្លឺព្រះអាទិត្យ។

៣. Object selection៖ ប្រសិនបើអ្នកថត Portrait Mode ចាប់យកមនុស្សលើសពី ២ នាក់ ត្រូវប្រាកដថា អ្នកទាំង ២ នោះ ត្រូវតែឈរទន្ទឹមគ្នា ជៀសវៀងការថត ព្រាលលើមុខមនុស្សណាមួយក្នុងចំណោមពួកគេ។

៤. Distance to object៖ ចម្ងាយនៃការថត Portrait Mode តម្រូវឲ្យ កាមេរ៉ា និងមនុស្ស ឬវត្ថុ ឃ្លាតពីគ្នាយ៉ាងតិចណាស់ ២០ សង់ទីម៉ែត្រ ហើយវានឹងធ្វើឲ្យលទ្ធផលនៃការថតរូបមានគុណភាពច្បាស់ល្អ។ មួយវិញទៀត បើសិនជាអ្នក ឈរថតឃ្លាតពីមនុស្ស ឬវត្ថុ ក្នុងចម្ងាយ ២.៥ ម៉ែត្រ នោះមុខងារ Portrait Mode នឹងលែងដំណើរការ ពោលគឺ កម្មវិធី Camera នឹងមិនអាចថតព្រាលផ្ទៃខាងក្រោយបានឡើយ។

 

៥. Focus៖ ជាធម្មតាកាមេរ៉ា iPhone 7 Plus រួមជាមួយមុខងារ Portrait Mode តែងតែថតផ្ចង់ទៅលើ មុខមនុស្ស ឬវត្ថុ ដោយស្វ័យប្រវត្តិ។ ប៉ុន្តែបើសិនជាវាមិនអាចផ្ចង់លើរូបភាពដោយស្វ័យប្រវត្តិនោះទេ អ្នកត្រូវចុចប៉ះត្រង់ចំណុចណាមួយដែលចង់បាន ដើម្បីឲ្យកម្មវិធីផ្ចង់ឲ្យចំគោលដៅ។

 

 

មតិយោបល់