ព័ត៌មានជាតិ

Update៖ កុងតឺន័របុកម៉ូតូ ជ្រុលទៅបុកឡិចស៊ីលចូលការ៉ាស់សាំងTotal របួសធ្ងន់ម្នាក់

ភ្នំពេញៈ រថយន្តកុងតឺន័រ១គ្រឿងបានបើកទៅបុកម៉ូតូដែលកំពុងឈប់ស្តុបពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូហោះផ្លោងដេកសន្លប់នៅនឹងថ្នល់ ចំណែករថយន្តកុងតឺន័រមិនអស់ល្បឿន ក៏បានជ្រុលទៅបុករថយន្តឡិចស៊ីស១គ្រឿងទៀត ដែលកំពុងធ្វើដំណើរឆ្លងផ្លូវជិតផុតទៅហើយចំពីចំហៀងពេញទំហឹង ហើយរថយន្តក៏រ៉េចង្កូតបុករះចូលទៅការ៉ាស់សាំងTotal មួយនៅក្បែរនោះទៀត។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងែទី១ ខែមិថុនា ឆ្នាំ២០១៧ ចំណុចកើតហេតុកែងស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអ៊ុំប្រុសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ រនតគីរី1A-2987 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង បានមកឈប់ស្តុបស្ពានដែកចំការដូង ភ្លាមៗនោះ ក៏មានរថយន្តកុងតឺន័រធុនធំ១គ្រឿង បើកបរដោយបុរសម្នាក់ ដែលមានពាក់ស្លាកលេខ ព្រះសីហនុ 3A- 3177 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ស្របទិសគ្នា ក៏បើកទៅបុកម៉ូតូដែលជិះដោយអ៊ុំប្រុសខាងលើពេញទំហឹង បណ្តាលឲ្យហោះផ្លោងដេកសន្លប់នៅនឹងថ្នល់ ចំណែករថយន្តកុងតឺន័រ មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស១គ្រឿងទៀត ដែលមានពាក់ស្លាកលេខភ្នំពេញ 2X-7277 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតមកលិច ដែលធ្វើដំណើរឆ្លងផ្លូវមកផ្លូវលេខ ២១៧ ខាងលើ ជិតផុតទៅហើយ ក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹង ហើយបានរ៉េចង្កូតរថយន្តបុករះចូលទៅការ៉ាស់សាំងTotal មួយនៅក្បែរនោះទៀត ហើយនាំទាំងរថយន្តឡិចស៊ីសទៅជាមួយទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់តែម្តង។

បើតាមការបញ្ជាក់ពីបុរសដែលជាអ្នកបើកបររថយន្តកុងតឺន័របានប្រាប់ដល់ក្រុមការងារ ថា មុនពេលកើតហេតុគាត់បានបើករថយន្តតឺន័រមួយគ្រឿង ដែលមានពាក់ស្លាកលេខព្រះសីហនុ 3A- 3177 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងខណ:ពេលមកដល់កន្លែងកើតហេតុ ស្ពានដែកចំការដូង មកពីជាន់ហ្រ្វាំងអត់ស៊ី ក៏បានជ្រុលទៅបុកម៉ូតខាងលើពេញទំហឹង ហើយក៏បណ្តាលឲ្យមានហេតុការណ៍បែបនេះកើតឡើងតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់