បន្ទាយមានជ័យៈ ពលករខ្មែរចំនួន១៤នាក់ ដែលចូលទៅធ្វើការនៅក្នុងទឹកដីស្រុកតាប្រាយ៉ា នៃប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ចថៃ ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ហើយមានតែ២នាក់ប៉ុណ្ណោះត្រូវបានដោះលែង។
សមត្ថកិច្ចដែលឈរជើងនៅចំណុចច្រកបឹងត្រកួន បានឲ្យដឹងថា អ្នកទាំង១៤នាក់ដែលត្រូវចាប់ខ្លួននោះ គឺជាពលករដែលតែងតែចូលទៅធ្វើការព្រឹក រួចវិលវិញល្ងាច តាមច្រកបឹងត្រកួន។ ពួកគេមិនដែលមានបញ្ហាទេ ទើបតែនៅរសៀលថ្ងៃទី២មិថុនានេះ ស្រាប់មានករណីចាប់ខ្លួនហើយចោទថាបានលួចធ្វើការនៅក្នុងទឹកដីថៃដោយខុសច្បាប់ហើយបញ្ជូនឲ្យតុលាការដាក់ទោសទណ្ឌ។
សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ពលករខ្មែរទាំង១៤នាក់ ត្រូវបានសមត្ថកិច្ចចម្រុះអន្តរាគមន៍សុំឲ្យមានការលើកលែងទោសដែរ តែត្រូវសមត្ថកិច្ចថៃបញ្ជាក់មកវិញថាសម្រេចលើតុលាការ។
បងប្អូនពលកររងគ្រោះទាំងអស់ដោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរនិងសមត្ថកិច្ចខ្មែរទើបនៅរសៀលថ្ងៃទី៣មិថុនានេះ សម្រេចយករថយន្តជាច្រើនគ្រឿងមកឈប់ចតនៅមុខច្រកបឹងត្រកួនបង្កការកកស្ទះមិនឲ្យរថយន្តដឹកដំឡូងថៃចេញវិលត្រឡប់ចូលទៅទឹកដីថៃវិញបាន ដើម្បីជាប្រយោជន៍ទាមទារឲ្យមានដោះលែងពលករទាំងអស់នោះមកវិញ៕
មតិយោបល់