ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ តាមទាន់ស្ត្រីជាប្រពន្ធ ដែលកំពុងផិតក្បត់ លួចមានសហាយស្មន់ជាមួយនឹងបុរសផ្សេងទៀត ត្រូវបុរសជាប្តីតាមទាន់ ចាក់សោរជាប់នៅខាងក្រៅដើម្បីហៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោះស្រាយជូនគាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផងដែរថា ស្ត្រីដែលត្រូវបុរសជាប្តីចោទថាមានសហាយស្មន់ខាងលើនេះ មានឈ្មោះ ហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកខាងប្តីដើមមានឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ ជាមនុស្សពិការជើងឆ្វេង ស្នាក់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន។ រីឯខាងសហាយ ឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មានពីបុរសជាប្តីបានឲ្យដឹងថា គាត់បានរៀបការជាមួយគ្នាអស់រយៈពេល៨ឆ្នាំហើយ ដោយមានចំនួន៣នាក់ តែស្លាប់២នាក់ នៅសល់តែកូនប្រុសម្នាក់ បច្ចុប្បន្នរស់នៅឯស្រុក។ លុះអំឡុងឆ្នាំ២០១៥ ពួកគាត់បានរស់នៅដាច់ដោយឡែកពីគ្នា ដោយប្រពន្ធបានសុំគាត់មកធ្វើការងារនៅឯភ្នំពេញ ចំណែកគាត់ជាប្តី បាននៅមើលថែកូននៅឯស្រុក យូរៗទៅទំនាក់ទំនងគាត់ទាំង២នាក់ ក៏មានភាពសោះអង្គើយនឹងគ្នា រហូតមានការមិនចុះសម្រុងនឹងគ្នា ចំណែកប្រពន្ធរករឿងសុំតែលែងលះគ្នា តែគាត់មិនព្រមចេះតែអូសបន្លាយ រហូតភាពសោះអង្គើយនេះ កើតឡើងរយៈពេល២ឆ្នាំកន្លងផុត។
បុរសជាប្តីខាងលើ បានបន្តទៀតថា ក្រោយមក ប្រពន្ធគាត់ក៏បានក្បត់គាត់ជាប្តី រហូតត្រូវបែកធ្លាយ បន្ទាប់ពីប្អូនថ្លៃដែលមានបន្ទប់ជួលក្បែរនឹងបន្ទប់ប្រពន្ធបានដឹងថា ប្រពន្ធខ្លួនហៅប្រុសមកដេកដល់បន្ទប់ជួល។ ក្រោយមក ដោយគាត់ជាប្តីនឹកឃើញហួសចិត្ត ត្បិតខ្លួនពិការជើង ត្រូវប្រពន្ធផិតក្បត់ ក៏ជួលរថយន្តមករកប្រពន្ធ ទៅបំផុតក៏ឃើញជាក់ស្តែង ដោយឈឺចាប់ពេក គាត់ក៏ចាក់សោទ្វារ ពីក្រៅ ហើយប្តឹងសមត្ថកិច្ចសុំឲ្យជួយអន្តរាគមន៍តែម្តង។
តែបើតាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា ខ្លួនរស់នៅមិនចុះសម្រុងគ្នារយៈពេល២ឆ្នាំហើយ ការរស់នៅដោយឡែកពីគ្នាទោះជាហៅប្តីចូលខ្លួននិយាយគ្នារឿងលែងលះក៏ប្តីមិនសុខចិត្តផ្តិតមេដៃដែរ។ ចំណែកស្នេហាថ្មីផ្តើមចេញពីលេងហ៊េសប៊ុក ឆាតលេងឆ្លងឆ្លើយ រហូតក្លាយជាទំនាក់ទំនងស្នេហាដែលកើតឡើងរយៈពេល ៤ខែមកហើយ ការផ្តើមស្នេហ៍ថ្មីនេះ មកពីខ្លួនខឹងប្តីមិនព្រមផ្តិតមេដៃលែងលះ ម្យ៉ាងថ្ងៃកើតហេតុ ដោយគិតថា អ្នកស្នាក់នៅតាមបន្ទប់ជួលចាកចេញទៅស្រុកអស់ ទើបខ្លួនហៅប្រុសស្នេហ៍មកដេកកំដរ ស្រាប់តែលោកប្តីមកទាន់ស្រែកផ្អើលប្តឹងសមត្ថកិច្ចតែម្តង។
ចំណែកសម្តីរបស់ភាគីប្រុសសហាយឲ្យដឹងថា ខ្លួនជាបុរសពោះម៉ាយមានកូនប្រុស២នាក់ ប្រពន្ធលែងអស់រយៈពេលជាង៤ឆ្នាំមកហើយ សព្វថ្ងៃដើរធ្វើការងារជាកម្មករសំណង់ ហើយបានលេងហ្វេសប៊ុកស្គាល់សុំស្រឡាញ់ស្ត្រីខាងលើ តែក៏ដឹងដែរថា ស្រីស្នេហ៍ខ្លួនមិនទាន់លែងលះប្តី តែឃើញច្រើនឆ្នាំហើយនាងនៅម្នាក់ឯង ទើបធ្វើបំពានបែបនេះ ។
ទាក់ទងនឹងករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ទោះជាករណីនេះភាគីខាងប្តីដើមទាមទារយកលុយជាង៦ពាន់ដុល្លារជាថ្នូរនឹងប្រគល់ប្រពន្ធទៅឲ្យអ្នកផ្សេង ដើម្បីបញ្ចប់រឿងក៏ដោយនៅតែដោះស្រាយមិនចេញ ខណៈភាគីខាងស្រីគ្មានលុយប្រគល់ឲ្យប្តីមានតែដោះគ្រឿងអលង្ការអស់ពីខ្លួនសរុបជាប្រាក់ជាង២០០ដុល្លារនៅតែមិនគ្រប់ ទីបំផុតនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនប្រពន្ធ និងសហាយទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ ដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់