កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ករណីអំពើលួច (កាច់កម៉ូតូ) ចំណុចក្នុងបរិវេណឡឥដ្ឋរបស់ឈ្មោះ តៃ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ជិន ខេមរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ ព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ហេង ដារ៉ូ ហៅវ៉ែនតា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ (ឃាត់ខ្លួន) ២.ឈ្មោះ ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (គេចខ្លួន) ។
សម្ភារៈបាត់បង់៖ ១.ម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ស ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខចំនួន០១ គ្រឿង (ជារបស់ជនរងគ្រោះ) ។
ជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពលួច កាច់កម៉ូតូបានចំនួន០៣លើកន្លងមក ។
លើកទី១ នៅថ្ងៃទីមិនចាំក្នុងខែ០៣ឆ្នាំ២០២១ វេលាម៉ោង១២យប់ ជនសង្ស័យឈ្មោះ ហេង ដារ៉ូ និងបក្ខពួកឈ្មោះ ឧត្តម ឈ្មោះឆៃ ឈ្មោះណុច និងឈ្មោះថន អ្នកទាំង០៤នាក់ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាធ្វើសកម្មភាព លួចម៉ូតូម៉ាក់សង់កូរ៉េ បានចំនួន០១គ្រឿង ស្ថិតនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ចំនួន០១លើក ។
លើកទី២ នៅថ្ងៃទីមិនចាំក្នុងខែ០៤ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ និងបក្ខពួករបស់ខ្លួនដដែល បាននាំគ្នាធ្វើសកម្មភាព លួចម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ បានចំនួន០១គ្រឿង នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ០១លើក ។
លើកទី៣ នៅថ្ងៃទីមិនចាំក្នុងខែ០៥ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ និងបក្ខពួករបស់ខ្លួនដដែល បាននាំគ្នាធ្វើសកម្មភាព លួចម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤បានចំនួន០១គ្រឿង នៅ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល០១លើក ហើយយកទៅបញ្ចាំឲ្យឈ្មោះ មិនា ជាកម្មករឡឥដ្ឋនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។ លុះនៅថ្ងៃទី២៤.០៦.២០២១វេលាម៉ោង១២.០០នាទី ជនសង្ស័យនិងបក្ខពួកឈ្មោះឧត្តម បាននាំគ្នាទៅអង្គុយលេង នៅក្នុងបរិវេណល្អឥតឈ្មោះតៃ កន្លែងកើតហេតុខាងលើ រហូតដល់វេលាម៉ោង១៥និង៤៥នាទី ពេលនោះឈ្មោះ ស៊ូភី ភារី និងឈ្មោះ អឿន សុខ បានជិះម៉ូតូខាងលើចេញពីភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចូលទៅក្នុងបរិវេណ ឡឥដ្ឋកន្លែងកើតហេតុ (ដោយជនរងគ្រោះ បានប្រើអ្នកទាំងពីរ ឲ្យមកដើរទិញផេះអង្កាម) ហើយក៏ទុកម៉ូតូនៅក្នុងបរិវេណ យកអត់នោះ បន្ទាប់មកអ្នកទាំងពីរ បានដើរទៅសួររកទិញផេះអង្កាម ឃើញដូច្នេះជនសង្ស័យ ក៏ទៅលួចកាច់កម៉ូតូរបស់ជនរងគ្រោះ រួចក៏ឲ្យបក្ខពួករបស់ខ្លួនឈ្មោះឧត្តម ជិះម៉ូតូនោះគេចខ្លួនបាត់ ។
រហូតដល់វេលាម៉ោង១៦និង០០នាទី ឈ្មោះ ស៊ូភី ភារី និងឈ្មោះ អឿន សុខ ក៏បានដើរមកកន្លែងម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏នាំគ្នាសួរកម្មករឡឥដ្ឋនៅទីនោះ ហើយកម្មករនៅទីនោះក៏ប្រាប់ថា ឈ្មោះ ហេង ដារ៉ូ ហៅវ៉ែនតា និងឈ្មោះ ឧត្តមជិះម៉ូតូនោះទៅបាត់ហើយ ។ បន្ទាប់មកអ្នកទាំងពីរ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលព័ត៌មាន ពីកម្លាំងប៉ុស្តិ៍បានសហការ ជាមួយកម្លាំងប្រជាការពារ ចុះទៅកន្លែងកើតហេតុ ហើយក៏ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង ដារ៉ូ បានចំនួន០១នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហេង ដារ៉ូ ហៅវ៉ែនតា បានសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ឧត្តម ពិតជាបានលួចកាច់កម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់