ព័ត៌មានបច្ចេកវិទ្យា

ឧស្សាហកម្មរថយន្តស្វ័យបើកបរ នឹងចាក់បញ្ចូលទឹកប្រាក់ ៧$ ទ្រីលាន ចូលសេដ្ឋកិច្ចសកល

នៅក្នុងរបាយការណ៍សិក្សារថ្មីមួយ ចេញផ្សាយដោយក្រុមហ៊ុន Intel និង Strategy Analytic បានប៉ាន់ប្រមាណថា រថយន្តស្វ័យបើកបរ នឹងអាចបន្ថែមទឹកប្រាក់ចំនួន ៧ ទ្រីលានដុល្លារអាមេរិក (៧ ពាន់ពាន់លានដុល្លារ) ចូលទៅក្នុងសេដ្ឋកិច្ចសកល នៅឆ្នាំ ២០៥០។

ការអះអាងនេះ គឺធ្វើឡើងបន្ទាប់ពីការប្រណាំងប្រជែងក្នុងវិស័យយានយន្តស្វ័យ ប្រវត្តិកម្មបានចាប់ផ្តើម ដោយវានឹងបង្កើតទីផ្សារថ្មីដ៏មានសក្តានុពលសម្រាប់ពិភ ព លោក។

ការងើបឡើងនៃវិស័យរថយន្តបើកបរស្វ័យប្រវត្តិ ត្រូវគេគុណគូរឃើញថា នឹង ជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់អ្នកដំណើររហូតដល់ទៅ ៣៥០ លានម៉ោងក្នុងមួយឆ្នាំ ដែលវានឹងផ្តល់នូវការគាំទ្រសម្រាប់ឧស្សាហកម្មតម្លៃ ៨០០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣៥ នៅពេលដែលឧស្សាហកម្មរថយន្តស្វ័យប្រវត្តិកម្មទាំងស្រុង នឹងចាប់ផ្ទុះឡើងទូទាំងសកល។

នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Brain Krzanich បានថ្លែងក្នុងសេចក្តីប្រកាសផ្សព្វផ្សាយពីការសិក្សារបស់ខ្លួនថា ក្រុមហ៊ុននានាគួរតែចាប់ផ្តើមគិតគូរពីយុទ្ធសាស្រ្តអភិវឌ្ឍប្រព័ន្ធស្វ័យបើកបររបស់ខ្លួនហើយ។

លោកបន្ថែមថា កាលពីជិត ១០ ឆ្នាំមុន គ្មាននរណាលើកឡើងអំពីប្រព័ន្ធកម្ម វិធីដែលនឹងលេ ចចេញក្នុងពេលឆាប់ៗខាងមុខ និងតម្លៃសេដ្ឋកិច្ចរថយន្តដែលមិនត្រូវការមនុស្សបើកនោះទេ ដោយសារតែពួកគេមើលមិនឃើញថាវានឹងមកដល់។

តាមរយៈការសិក្សារបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស និងក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចសកលទាំងពីរ ទំហំទឹកប្រាក់ដ៏ច្រើនមហិមានេះ នឹងបែកចែកមួយផ្នែកធំ ទៅលើសេវាចល័តកម្មសម្រាប់អតិថិជន ឬអ្នកដំណើរ ដែលអាចនឹងក្តោបក្តាប់បានរហូតដល់ ៣.៧ ទ្រីលានដុល្លារ ខណៈដែលវានឹងផ្តល់នូវមធ្យោបាយធ្វើដឹកជញ្ជូនអ្នកដំណើរជំនួសឱ្យរថយន្តឯកជនរបស់ពួកគេ។

អាជីវកម្មផ្តល់សេវាចល័តកម្ម ត្រូវគេរំពឹងថា នឹងអាចច្បាមបានទឹកប្រាក់ចំនួន ៣ ទ្រីលានដុល្លារ ដែលវានឹងជំនួសបទដ្ឋាននៃការការដឹកជញ្ចូនទំនិញ នាដែលមាននាពេលបច្ចុប្បន្ន។ ដោយឡែក ២០០ លានដុល្លារ ដែលនៅសល់ នឹងធ្លាក់ទៅលើសេវាកម្ម និងកម្មវិធីថ្មីៗសម្រាបរថយន្តស្វ័យបើកបរ។

គួរបញ្ចាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តនានា កំពុងដុតដៃដុតជើងក្នុងការអភិវឌ្ឍប្រព័ន្ធរថយន្តស្វ័យប្រវត្តិកម្មរបស់របស់ខ្លួន ហើយក្នុងនោះដែរ ក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Samsung, Intel, Qaudcomm និងក្រុមហ៊ុនផលិត Software របស់អាមេរិកដូចជា Apple, Google, Microsoft ក៏កំពុងអភិវឌ្ឍ Hardware និង Software សម្រាបបំពាក់លើរថយន្តប្រភេទទាំងនោះផងដែរ៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់