កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបានពន្លះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រលេខ២០-២១ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូម៉ាកហុងដា សេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1886មានឈ្មោះ យ៉ន សារ៉េន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ស្នាក់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯម្ចាស់ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-1746 ជិះឌុបគ្នា២នាក់ប្តីប្រពន្ធមានឈ្មោះ
វឿន សុភា អាយុ៣១ឆ្នាំ មុខរបរ ជាងធ្វើពិដាន និងប្រពន្ធឈ្មោះ សាយ ស្រីមុំ អាយុ២៨ឆ្នាំ មុខរបរ កម្មករ រោងចក្រ។ អ្នកទាំង២មានទីលំនៅភូមិកំពង់អំពិល ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះវឿន សុភាភេទប្រុស បានជិះម៉ូតូឌុបប្រពន្ធរបស់ខ្លួនគោលដៅទៅផ្ទះនៅខេត្តព្រៃវែង ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ លុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឈ្មោះ យ៉ន់ សារ៉េន ភេទប្រុសបានជិះម៉ូតូឆ្លងកាត់ផ្លូវពីឆ្វេងដៃទៅខាងស្ដាំដៃ ទិសដៅបញ្ចា្រសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
បច្ចុប្បន្នជនរងគ្រោះទាំងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងត្រូវបានផ្នែកជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់