ភ្នំពេញៈ កាលពីវេលាម៉ោង៥ និង៥០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ រួមជាមួយសម្ភារៈរាយប៉ាយ និងម៉ូតូមួយគ្រឿង នៅក្នុងប្រឡាយទឹក នៅលើដីឡូត៍ចាក់ថ្មី មាត់ប្រឡាយ តាមផ្លូវ៣០ម៉ែត្រ មុខរោងចក្រអំបោះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សង្ស័យជាករណីឃាតកម្ម។
សពមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ពាក់អាវរងារដៃវែង ស្លៀកខោខូវបោយខៀវ ជើងវែង ពាក់ស្បែកជើងប៉ាត់តា លើក្បាលមានស្នាម កាប់របួស ហូរឈាម ។ ចំណែកនៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្លុបពី ពណ៌ស និងមួកសុវត្ថិភាពមួយ នៅក្នុងប្រឡាយទឹក រួមទាំងសម្ភារមួយចំនួន នៅរាយប៉ាយ ក្បែរសាកសព ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែលពួកគាត់ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ នៅវេលាម៉ោងខាងលើ ស្រាប់តែប្រទះឃើញសាកសព ដេកស្លាប់ផ្កាប់មុខ នៅដីឡូត៍ មាត់ប្រឡាយ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ករណីខាងលើ សង្ស័យជាករណីឃាតកម្ម ខណៈដែលជនរងគ្រោះ មានស្នាម ដាច់រយះក្បាល ហូរឈាម តែទោះជាយ៉ងណាក្តី ត្រូវរងចាំសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវ ជាមុនសិន ។
ខណៈដែលសមត្ថកិច្ច កំពុងសាកសួរជុំវិញរឿងហេតុខាងលើ ក៏លេចមុខស្រ្តីចំណាស់ម្នាក់ មកអះអាងថាសពនោះ ជាចៅប្រុស រស់នៅជាមួយគាត់។
ជនរងគ្រោះ ឈ្មោះ ស្រៀង សីលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ នៅផ្សារអូរឡាំពិក ស្នាក់នៅជាមួយជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ៦១ឆ្នាំ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មានឪពុកឈ្មោះ វ៉ាន ស្រៀង អាយុ៤៨ឆ្នាំ មានម្តាយ ឈ្មោះ សឿង ហុង អាយុ៣៥ឆ្នាំ មានបងប្អូនចំនួន ៤នាក់ ស្រី១ ប្រុស៣នាក់ ជនរងគ្រោះជាកូនទី២ ។
តាមការបំភ្លឺពីស្រ្តីជាជីដូនរបស់ជនរងគ្រោះ បានឲ្យដឹងថា ចៅប្រុសរបស់គាត់ បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ នៅម្តុំពោធិ៍ចិនតុង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃដដែល បាត់ចៅយូរ ខលទៅសួរម្តង ចៅប្រុស (ជនរងគ្រោះប្រាប់ថា ចេញឥឡូវ ) ហើយនៅតែមិនឃើញដម់ផ្ទះទៀត លុះដល់ម៉ោង១២ រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ នេះ ទូរស័ព្ទទៅម្តងទៀត ចូលតែមិនលើក បាត់ដំណឹងរហូតដល់ វេលាម៉ោង ៥និង៥០នាទីព្រឹកនេះតែម្តង ផ្អើលឆោឡោ មកមើល ទើបដឹងថាចៅខ្លួនឯង ។
នៅកន្លែងកើតហេតុ ការសន្និដ្ឋានបឋម បានឲ្យដឹងថា ជនសង្ស័យស្ទាក់វាយ និងកាប់ ជនរងគ្រោះ រួចរុញទម្លាក់ទឹក ហើយគេចខ្លួន នៅពេលនោះជនរងគ្រោះ មិនទាន់ស្លាប់ ក៏ស្រវ៉ាឡើងគោក ហើយដាច់ខ្យល់ស្លាប់តែម្តង៕
មតិយោបល់